ការនាំចេញផ្លែមៀនស្រស់លើកដំបូងពីកម្ពុជាទៅចិនបានឆ្លងដែនដោយជោគជ័យ
ថ្មីៗនេះ ផ្លែមៀនស្រស់ចំនួន ៣៣៨ តោនដែលនាំចូលពីប្រទេសកម្ពុជាបានឆ្លងដែនដោយជោគជ័យនៅកំពង់ផែ ណានសា ក្នុងទីក្រុងក្វាងចូវ នៃប្រទេសចិន។ នេះគឺផ្លែមៀនស្រស់ដំបូងដែលប្រទេសចិននាំចូលពីកម្ពុជាគិតចាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខាលើ «ពិធីសារស្តីពីលក្ខខណ្ឌតម្រូវលើរុក្ខជាតិសម្រាប់ការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន» នៅខែមីនា ឆ្នាំនេះ។ ដូច្នេះ ផ្លែមៀនស្រស់បានក្លាយជាកសិផលកម្ពុជាទី ៣ ដែលត្រូវបានអនុម័តឱ្យនាំចេញទៅចិនក្នុងឆ្នាំនេះ បន្ទាប់ពីត្រីបាសា និងពោត។ មិនតែប៉ុណ្ណោះទេ ផ្លែមៀនស្រស់ក៏ជាផ្លែឈើស្រស់របស់កម្ពុជាទី ៣ ដែលត្រូវបានអនុម័តឱ្យនាំចេញទៅចិន បន្ទាប់ពីផ្លែចេកស្រស់ និងផ្លែស្វាយស្រស់។
ដើម្បីធានាផ្លែឈើស្រស់អាចឆ្លងដែនយ៉ាងឆាប់រហ័ស និងធានាគុណភាពខ្ពស់សម្រាប់ផ្លែឈើនាំចូល ស្ថាប័នគយក្វាងចូវបានបើក "ច្រកបៃតង" រៀបចំវិធានការងាយស្រួល និងបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ ហើយធានាបាននូវផ្លែមៀនស្រស់ដែលបំពេញតាមតម្រូវការនៃការពិនិត្យគុណភាព និងភូតគាមអនាម័យ អាចឆ្លងកាត់គយដោយជោគជ័យ និងជំរុញឱ្យផ្លែឈើនាំចូលពីបរទេសចូលទីផ្សារចិនដោយកាន់តែស្រស់៕
អ្នកសារព័ត៌មាន៖ក្វានយាល
អ្នកបកប្រែ៖Shen Yan