តើមនុស្សចាស់គួរយកចិត្តទុកដាក់លើចំណុចណាខ្លះពេលទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩?

2022-12-08 16:13:08
ប្រភព:គេហទំព័រយូណាន

សំណួរ៖ ហេតុអ្វីបានជាមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំត្រូវទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩?

ចម្លើយ៖ តាមការវិភាគទិន្នន័យនៃករណីជំងឺធ្ងន់ធ្ងរ និងការស្លាប់នៃជំងឺកូវីដ ១៩ ឱ្យដឹងថា មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ មានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ និងស្លាប់។ មិនតែប៉ុណ្ណោះទេ អាយុកាន់តែចាស់ ហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់កាន់តែខ្ពស់នៅពេលកើតជំងឺកូវីដ ១៩។ ប៉ុន្តែ ការទទួលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការស្លាប់ចំពោះមនុស្សចាស់។

 

សំណួរ៖ មនុស្សចាស់កម្រចេញទៅក្រៅ ហើយមិនសូវទាក់ទងជាមួយពិភពខាងក្រៅ តើចាំបាច់ត្រូវចាក់វ៉ាក់សាំងឬទេ?

ចម្លើយ៖ ប្រសិនបើសាច់ញាតិ និងមិត្តភ័ក្តិជុំវិញរបស់មនុស្សចាស់មានការឆ្លងជំងឺកូវីដ ១៩ ដែលគ្មានអាការៈជំងឺទៅជួបមនុស្សចាស់ នឹងនាំមកនូវមេរោគដល់ពួកគេ។ នៅពេលដែលមនុស្សចាស់ឆ្លងមេរោគជំងឺកូវីដ ១៩  បើគ្មានវ៉ាក់សាំងការពារទេ ហានិភ័យនឹងកើនឡើងយ៉ាងខ្លាំង។

 

សំណួរ៖ បន្ទាប់ពីមនុស្សចាស់បានទទួលចាក់វ៉ាក់សាំងមូលដ្ឋានរួចហើយ តើចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសជំរុញទៀតឬទេ? ហេតុអ្វី?

ចម្លើយ៖ ចាំបាច់ត្រូវចាក់។  ដោយសារតែកម្លាំងភាពស៊ាំរបស់មនុស្សចាស់ចុះខ្សោយ ហើយកម្រិត និងប្រសិទ្ធភាពការពាររបស់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំបន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងមូលដ្ឋានគឺទាបជាងមនុស្សដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំ។  ដូច្នេះ មនុស្សចាស់ត្រូវការចាក់វ៉ាក់សាំងដូសមូលដ្ឋានឱ្យបានឆាប់ ហើយទទួលចាក់វ៉ាក់សាំងដូសជំរុញក្នុងរយៈពេល ៦ ខែក្រោយ ដើម្បីកាត់បន្ថយហានិភ័យផ្ទាល់ខ្លួន ។

 

សំណួរ៖ តើមនុស្សចាស់ដែលមានជំងឺមូលដ្ឋានអាចទទួលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ បានទេ?

ចម្លើយ៖ មនុស្សចាស់ដែលមានជំងឺមូលដ្ឋានក៏អាចទទួលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។ នៅពេលដែលមានសុខភាពមានស្ថេរភាព ហើយការគ្រប់គ្រងថ្នាំបានល្អ ទើបអាចទទួលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ បាន។

 

សំណួរ៖ តើវាពិតជាមានសុវត្ថិភាពសម្រាប់មនុស្សចាស់ ដែលក្រោយពីទទួលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឬទេ?

ចម្លើយ៖ តាមការណែនាំពីការិយាល័យគ្រប់គ្រង និងបង្ការជំងឺជាតិចិន គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំនៅក្នុងប្រទេសចិនចំនួន ២៣៩,៤ លាននាក់ដែលបានទទួលចាក់វ៉ាក់សាំង​ ក្នុងនោះ មានចំនួន ២២៨,១៦៥ លាននាក់បានបញ្ចប់ទទួលចាក់វ៉ាក់សាំងដូសមូលដ្ឋាន ចំនួននេះស្មើនឹង ៩០,៦៩% និង ៨៦,៤២% នៃសរុបចំនួនមនុស្សចាស់នៃប្រទេសចិន។

យោងតាមស្ថិតិសកលដែលមិនពេញលេញ មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំត្រូវបានចាក់វ៉ាក់សាំងជាង ១ ពាន់លានដូសនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ប្រទេសចិន ហើយគ្មានបញ្ហានានាត្រូវបានរកឃើញនោះទេ ហើយអាយុនៃការចាក់វ៉ាក់សាំងខ្ពស់បំផុតបានឈានដល់អាយុ ១០៦ឆ្នាំ៕

អ្នកបកប្រែ៖ Shen Yan

តើមនុស្សចាស់គួរយកចិត្តទុកដាក់លើចំណុចណាខ្លះពេលទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩?