ក្រឡេកមើលការអភិវឌ្ឍតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ | នាយកសាលា ៖ ការទទួលបេសកកម្មថ្មីនៃ "ការផ្សារភ្ជាប់ដួងចិត្ត"
ដោយឈរលើមូលដ្ឋាននៃ"ការតភ្ជាប់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ"នៃផ្លូវរថភ្លើងចិន-ឡាវ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការអប់រំបន្តបន្ថែមកម្លាំងដល់"ការផ្សារភ្ជាប់ដួងចិត្ត" រវាងប្រទេសចិន និងឡាវ។ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៃផ្លូវរថភ្លើងចិន-ឡាវមួយឆ្នាំមកនេះ សាលារៀននៅតាមខ្សែបន្ទាត់បានផ្តោតលើគំរូបណ្តុះបណ្តាលជំនាញដែលមានប្រសិទ្ធភាព គុណភាពខ្ពស់ និងមានលក្ខណៈពិសេស ដើម្បីស្វែងរក និងទទួលបេសកកម្មថ្មីថែមទៀត។
ថ្មីៗនេះ លោកស្រី លូ សៀន នាយកវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម យូស៊ី ខេត្តយូណាននៃប្រទេសចិន បានភ្ជាប់ទំនាក់ទំនងជាមួយលោក លីន ជូនស្យុង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកសាលា Lieu Touនៅទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ។ នាយកសាលាទាំងពីរនាក់មានសុបិនដូចគ្នា ៖ រួមបន្ថែមកម្លាំងសម្រាប់ក្នុងវិស័យការអប់រំ ដើម្បីជំរុញចំណងមិត្តភាពប្រទេសចិន និងឡាវដ៏ឋិតថេរចីរកាល ហើយបណ្តុះធនធានមនុស្សកាន់តែច្រើនដែលមានប្រយោជន៍បន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។
បន្ទាប់ពីផ្លូវរថភ្លើងចិន-ឡាវបានបើកដំណើរការជាផ្លូវការ វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម យូស៊ី បានស្វែងរកយ៉ាងសកម្មនូវការអភិវឌ្ឍការអប់រំវិជ្ជាជីវៈកសិកម្ម។ លោកស្រី លូ សៀន ពោរពេញដោយទំនុកចិត្ត និងបានប្រាប់អ្នកកាសែតថា វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម យូស៊ី កំពុងបណ្ដុះបណ្ដាលធនធានមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈកសិកម្មដែលពោរពេញដោយទស្សនៈវិស័យអន្តរជាតិ ហើយកសាងម៉ាកសញ្ញាអប់រំវិជ្ជាជីវៈកសិកម្មអន្តរជាតិដោយមានលក្ខណៈពិសេសខេត្តយូណាន និងបន្ថែមកម្លាំងសម្រាប់ការកសាង "ខ្សែក្រវាត់ និងផ្លូវ"។
សាលា Lieu Tou ប្រទេសឡាវ អនុវត្តរបៀបបង្រៀនដែលផ្តោតលើការបង្រៀនភាសាចិន និងជំរុញការបង្រៀនពីរភាសាចិន និងឡាវ។ លោក លីន ជូនស្យុង មានសេចក្តីសង្ឃឹមនិងការរំពឹងទុកខ្ពស់ចំពោះសិស្សរបស់លោក លោកបានមានប្រសាសន៍ថា "ចំណងមិត្តភាពរវាងប្រទេសឡាវ-ចិននាពេលអនាគត គឺអាស្រ័យលើការផ្លាស់ប្តូរ និងការទំនាក់ទំនងរវាងយុវជនប្រទេសទាំងពីរ ហើយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងគ្នាទៅវិញទៅមក គឺអាស្រ័យលើការទំនាក់ទំនងពីចិត្ត។ ដូច្នេះ សាលាយើងនឹងបន្តបណ្ដុះបណ្ដាលធនធានមនុស្សដែលបំពេញតម្រូវការក្នុងយុគសម័យថ្មីកាន់តែច្រើន ដើម្បីកសាងផ្លូវមិត្តភាពឡាវ-ចិនឥតឈប់ឈរ៕
អ្នកសារព័ត៌មាន ៖ យ៉ាវ ឈឹងឈឹង កុ យ៉ាវ
អ្នកបកប្រែ ៖ Shen Yan