ក្រឡេកមើលការអភិវឌ្ឍតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ | មេភូមិ ៖ ពេលវេលាដែលពោរពេញដោយក្តីសង្ឃឹមដ៏ល្អ
ថ្មីៗនេះ លោក ចាំង ហុងឡី នាយកគណៈកម្មាធិការភូមិណាខឺលី ឃុំថុងសៀន ស្រុកស្វយ័តជនជាតិ ហានី នីងអឺ ក្រុងភូអឺ នៃខេត្តយូណាន ប្រទេសចិន បានភ្ជាប់ទំនាក់ទំនងជាមួយលោកស្រី Thaimany THAMMAVONGអនុភូមិThaphalanxaiស្រុក Sisattanakក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ ដើម្បីចែករំលែកការប្រមូលផលរបស់ភូមិទាំងពីរនេះ បន្ទាប់ពីផ្លូវរថភ្លើងចិន-ឡាវបានបើកដំណើរការជាផ្លូវការក្នុងរយៈពេលមួយឆ្នាំមកនេះ។
ភូមិណាខឺលីធ្លាប់ជាស្ថានីយ៍ប្រៃសណីយ៍ដ៏សំខាន់មួយតាមផ្លូវសេះដឹកតែបុរាណ។ បច្ចុប្បន្ននេះ ភូមិណាខឺលីបានក្លាយជាកូនឃុំពិសេសនៅតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ។ លោក ចាំង ហុងឡី បានណែនាំថា បន្ទាប់ពីផ្លូវរថភ្លើងចិន-ឡាវបានបើកដំណើរការ មានភ្ញៀវកាន់តែច្រើនមកដល់ភូមិណាខឺលី ដើម្បីបង្កើតអាជីវកម្មថ្មីរបស់ខ្លួន ក៏ដូចជាការរស់នៅ និងធ្វើទេសចរណ៍ជាដើម។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរមកពីខាងក្រៅជាច្រើននាំមកនូវកម្លាំង ដែលជំរុញការអភិវឌ្ឍនៃវិស័យទេសចរណ៍របស់ភូមិណាខឺលី។
នៅក្នុងភូមិThaphalanxaiស្រុក Sisattanakក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ អ្នកភូមិជាច្រើនបាននិយាយថា បន្ទាប់ពីជិះរថភ្លើងចិន-ឡាវ ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ពួកគេមានការចាប់អារម្មណ៍ ហើយការកំណត់ថ្លៃសំបុត្រក៏សមរម្យដែរ។ នៅថ្ងៃឈប់សម្រាក អ្នកភូមិជិះរថភ្លើង ហើយត្រូវចំណាយពេលតែមួយម៉ោងប៉ុណ្ណោះ ទើបអាចទៅដល់ស្រុកVang Vienដែលជាតំបន់ទេសចរណ៍ល្បីក្នុងប្រទេសឡាវ ដើម្បីធ្វើទេសចរណ៍នៅទីនោះ។
ផ្លូវរថភ្លើងចិន-ឡាវ មិនត្រឹមតែនាំមកនូវភាពងាយស្រួលដ៏អស្ចារ្យដល់ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារជាច្រើនដល់ប្រជាជនក្នុងតំបន់ផងដែរ។ លោកស្រី Thaimany THAMMAVONGបានសម្តែងក្តីសង្ឃឹមថា ប្រទេសឡាវអាចពង្រីកការកសាងនៃផ្លូវរថភ្លើងបន្ថែមទៀត ដែលគ្របដណ្តប់ប្រទេសទាំងមូលពីភាគខាងត្បូងទៅខាងជើង និងតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីផ្តល់កម្លាំងរុញច្រានយូរអង្វែងសម្រាប់ភាពរុងរឿង និងការអភិវឌ្ឍរបស់ប្រទេសឡាវ។
អ្នកសារព័ត៌មាន ៖ ពី យីឈាន កុយ៉ាវ
កបកប្រែ ៖ Shen Yan