តួនាទីកាន់តែសកម្ម សំខាន់និងសារវន្តរបស់ប្រទេសចិននៅក្នុងCOP15

2022-12-15 18:01:26
ប្រភព:CRI

ដើម្បីបន្តភក្តីភាពចំពោះសហគមន៍រួមជីវិតដែលជាហ្សែនរបស់ជនជាតិចិនមិនតិចជាងពីរពាន់ឆ្នាំលើសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ដែលកាលពី២៧០០ឆ្នាំមុន ឡៅជឺដែលជាស្ថាបនិកលទ្ធិតាវ បានលើកឡើងថា តាវប្រតិបត្តិតាមធម្មជាតិ ដែលមានន័យថា ដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ។ មនុស្សនិងធម្មជាតិគឺជាតួអង្គរួមដែលមិនអាចបំបែកបាន។ បុព្វបុរសចិនបានសង្ខេបនូវស្មារតីនៃការរួមបញ្ចូលគ្នាទៅវិញទៅមកដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នាដោយមិនបំផ្លាញគ្នាទៅវិញទៅមក ហើយតាវដើរស្របគ្នាមិនប៉ះទង្គិចគ្នា នោះគឺ «អរិយធម៌អេកូឡូស៊ី»។ អរិយធម៌នេះបានក្លាយជាគោលដៅច្បាស់លាស់របស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននៅក្នុងការធានាថែរក្សាការអភិរក្សជីវចម្រុះជាសកល។ ប្រទេសចិនបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ហើយការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថាត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។

ដើម្បីផ្តល់ភាពស្រស់ស្អាតនិងបៃតងភាពរបស់ភពផែនដីជូនដល់អ្នកជំនាន់ក្រោយ ប្រទេសចិនក្នុងអំឡុងពេលកិច្ចប្រជុំដំណាក់កាលទី២នៃមហាសន្និបាតភាគីហត្ថលេខីលើកទី១៥ 《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ (COP15) ប្រធានបទស្តីពី «អរិយធម៌អេកូឡូស៊ី៖ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» គឺជាសន្និសីទសកលលើកដំបូងគេបង្អស់ ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ដោយផ្តោតលើអរិយធម៌អេកូឡូស៊ីក្រោមសំណើរបស់ប្រទេសចិន។ ប្រទេសចិនបានផ្តល់ផែនការខ្លួនដល់ការអភិរក្សជីវចម្រុះជា សកលក្រោមប្រធានបទ «ខ្សែបន្ទាត់ក្រហមអភិរក្ស    អេកូឡូស៊ី» នៅជ្រុងប្រទេសចិន។ ប្រព័ន្ធខ្សែបន្ទាត់ក្រហមនៃការអភិរក្សអេកូឡូស៊ីក្នុងដំណើររុករកអភិរក្សបរិស្ថាន ហើយខ្លឹមសារស្នូលនៃខ្សែបន្ទាត់ក្រហមក្នុងការអភិរក្សអេកូឡូស៊ី គឺការពារតំបន់សំខាន់ៗនៃជីវចម្រុះ ខណៈពេលដែលធានាបាននូវការផលិតនិងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ។ តាមរយៈការអនុវត្តគោលនយោបាយនិងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពមនុស្សដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្មនិងរបៀបរស់ដើមនៅរបស់ពលរដ្ឋផង។ ជាមួយគ្នានេះដែរ តាមរយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរពណ៌បៃតងនិងសម្រេចបាននូវការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ។

ដើម្បីបង្កើនពុទ្ធិនិងបទពិសោធន៍កាន់តែទូលំទូលាយដល់សហគមន៍អន្តរជាតិអំពីជ្រុងប្រទេសចិន ដោយប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹងក្នុងការកសាងអរិយធម៌អេកូឡូស៊ី ខិតខំពេញទំហឹងបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹងដើម្បីកែលម្អបរិស្ថាន ធ្វើការផលិត និងជីវភាពរស់នៅរបស់ប្រជាជន។ ជ្រុងប្រទេសចិនបានរំលេចចេញយ៉ាងច្បាស់នូវសមិទ្ធផលនានារបស់ប្រទេសចិនជូនដល់ពិភពលោកកាលពីថ្ងៃទី៧ ខែធ្នូ នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា ដោយបានគូសបញ្ជាក់ថា ជ្រុងប្រទេសចិនបានបើកបង្អួចសម្រាប់ពិភពលោក ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលរបស់ចិនក្នុងការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ។ ការអភិរក្សអេកូឡូស៊ីរបស់ប្រជាជនចិនប្រៀបដូចជាការថែទាំកែវភ្នែកទាំងគូរបស់ខ្លួន ហើយការការពារបរិស្ថានអេកូឡូស៊ីរបស់ប្រជាជនចិនប្រៀបដូចជាការថ្នាក់ថ្នមអាយុជីវិតរបស់ខ្លួនផងដែរ ដែលនាំឱ្យជ្រុងប្រទេសចិន ជាវេទិកាវិទ្យាសាស្រ្តចំហស្តីពីអរីយធម៌អេកូឡូស៊ីដែលប្រទេសចិនរីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយប្រទេសនានាផងដែរ។

ដើម្បីផ្តល់សក្ខីកម្មកាន់តែប្រត្យក្ស ប្រទេសចិនបានក្លាយជាប្រទេសដែលមានផ្ទៃដីដាំដើមឈើច្រើនជាងគេនៅក្នុងពិភពលោកដែលត្រូវជា២៥%នៃបរិមាណព្រៃឈើនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ ការការពារព្រៃឈើនឹងធ្វើឱ្យជីវៈចម្រុះក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។ ខ្លាឃ្មុំPanda លែងជាសត្វដែលស្ថិតនៅក្នុងបញ្ជីសត្វដែលជិតផុតពូជទៀតហើយ លើសពីនេះ ជនជាតិចិនបានយកចិត្តទុកដាក់ការពារហ្វូងដំរីអាស៊ីតាមគ្រប់មធ្យោបាយដែលបានក្លាយជាទៅជាចំណុចចាប់អារម្មណ៍ខ្លាំងនៅក្នុងពិភពលោក។ ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនិកបានចំនួន២៩៤០លានតោន និងបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចំនួន១៤០០លានតោន ដែលនេះជាការសម្រេចបានមុនកាលកំណត់។

ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន ទស្សនៈអរិយធម៌អេកូឡូស៊ីបានជ្រៀតចូលយ៉ាងស៊ីជម្រៅទៅក្នុងដួងចិត្តរបស់ប្រជាជនចិន របៀបរស់នៅដោយសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលស្អាត ការបំភាយកាបូនទាប បាននិងកំពុងក្លាយជាជម្រើសដោយខ្លួនឯងរបស់ប្រជាជនចិនកាន់តែច្រើនឡើងៗ។ តាមរយៈផ្នតគំនិតនេះ សហគមន៍អន្តរជាតិពិតជាបាននិងកំពុងសាទរហើយប្រកៀកស្មាជាមួយប្រទេសចិនដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដីតាមខ្លឹមសាររួមនៃCOP15៕

(ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)

តួនាទីកាន់តែសកម្ម សំខាន់និងសារវន្តរបស់ប្រទេសចិននៅក្នុងCOP15