ប្រទេសចិន៖ ពីអ្នកចូលរួម ក្លាយជាអ្នកនាំមុខក្នុងការអភិរក្សជីវៈចម្រុះ

2022-12-16 20:44:59
ប្រភព:CRI

សន្និសីទលើកទី១៥របស់ភាគីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ (COP15) ដែលប្រទេសចិនគឺជាប្រធាននៃសន្និសីទនេះ បានប្រារពធ្វើឡើងនៅក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រទេសចំនួន១៩៦ ដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ។ អនុសញ្ញាស្ដីពីជីវៈចម្រុះនេះ ត្រូវបានអនុម័តកាលពីឆ្នាំ១៩៩២ ដោយមានគោលដៅពង្រឹងលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពនៅទូទាំងសកលលោក តាមរយៈការអភិរក្សការពារជីវៈចម្រុះ។

ប្រសិនបើយើងក្រឡេកមើលទៅអតីតកាល ប្រទេសចិន បានចាប់ផ្ដើមចូលរួមដំបូងក្នុងកិច្ចដំណើរការអភិរក្សបរិស្ថានរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ហើយចាប់តាំងពីពេលនោះរហូតមក ប្រទេសចិនបានផ្លាស់ប្ដូរបន្តិចម្ដងៗ ពីការបំពេញតួនាទីត្រឹមតែជាអ្នកចូលរួមក្នុងកិច្ចដំណើរការអភិរក្ស ទៅជាអ្នកដឹកនាំមុខក្នុងការពង្រឹងលើកកម្ពស់កិច្ចដំណើរការ  អភិរក្សដែលមិនអាចខ្វះបាននេះ។ មេដឹកនាំចិនគ្រប់ជំនាន់ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សធម្មជាតិ ហើយពាក្យ “អរិយធម៌អេកូឡូស៊ី” ត្រូវបានបង្កើតឡើងនិងដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន ដើម្បីធ្វើជាត្រីវិស័យតម្រង់ទិសគោលនយោបាយនានា ដោយមានគោលដៅកសាងភាពសុខដុមរវាងមនុស្សនិងធម្មជាតិ។

ការយកចិត្តទុកដាក់ចំពោះការអភិរក្សជីវៈចម្រុះរបស់ចិន មិនមែនបង្ហាញត្រឹមពាក្យសម្ដីនោះទេ តែត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសកម្មភាពជាក់ស្ដែងនិងកិច្ចខិតខំប្រឹងប្រែងពុះពារឧបសគ្គដើម្បីអភិរក្ស (។ ការអភិរក្សជីវៈចម្រុះត្រូវបានអនុម័តជាយុទ្ធសាស្រ្តថ្នាក់ជាតិ និងត្រូវដាក់បញ្ចូលទៅក្នុងផែនការរយៈពេលមធ្យមនិងរយៈពេលវែងរបស់តំបន់ទាំងអស់និងនៅក្នុងគ្រប់វិស័យ នៅក្នុងប្រទេសចិន ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ   រដ្ឋាភិបាលចិន បានដាក់ចេញនិងកែលម្អច្បាប់និងបទប្បញ្ញត្តិ និងយន្តការនានាពាក់ព័ន្ធនឹងជីវៈចម្រុះ ដើម្បីពង្រឹងលើកកម្ពស់ប្រសិទ្ធភាពនៃការអភិរក្សជីវៈចម្រុះ។

ប្រទេសចិន            គឺជាប្រទេសដែលមានផ្ទៃដីដ៏ធំមហិមាដែលមានជីវៈចម្រុះជាច្រើន ប្រភេទ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនសម្រេចបាននូវជោគជ័យយ៉ាងធំធេងក្នុងការអភិរក្សជីវៈចម្រុះរបស់ខ្លួន ដែលជាការរួមចំណែកដ៏ធំធេងដល់ការអភិរក្សជីវៈចម្រុះនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៥៦រហូតមក ប្រទេសចិនបានបង្កើតតំបន់ការពារចំនួនជាង ១០.០០០តំបន់ ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល១៨% នៃផ្ទៃដីសរុបរបស់ប្រទេសចិន។ នៅឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសជាផ្លូវការបង្កើតប្រព័ន្ធឧទ្យានជាតិចំនួន ៥ ដែលគ្រប់ដណ្ដប់លើផ្ទៃដីទំហំប្រហែល ២២៧.០០០ គីឡូម៉ែត្រការ៉េ ដែលនេះគឺជាប្រព័ន្ធឧទ្យានជាតិធំជាងគេបំផុតនៅលើពិភពលោក ។ មិនដូចប្រទេសផ្សេង ដែលមានភាពងាយស្រួលក្នុងការកសាងឧទ្យានជាតិ ដោយសារតែជាទូទៅតំបន់ទាំងនោះគឺជាតំបន់ដែលគ្មានមនុស្សរស់នៅ តែផ្ទុយទៅវិញ នៅក្នុងប្រទេសចិន តំបន់អភិរក្សធម្មជាតិជាច្រើន គឺជាតំបន់ដែលមានប្រជាជនរស់នៅ ដោយសារតែប្រទេសចិនមានប្រជាជនដ៏ច្រើនលើសលុប។ ក៏ប៉ុន្តែរដ្ឋាភិបាលចិន មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងបង្កើតឧទ្យានជាតិទាំងនោះដោយជោគជ័យ។

ប្រទេសចិន គឺជាប្រទេសដែលមានតំបន់គម្របព្រៃឈើរីកធំឆាប់រហ័សជាងគេបំផុតនៅលើពិភពលោក។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ប្រទេសចិនបានដាំដើមឈើឡើងវិញលើផ្ទៃដីទំហំប្រហែល ៣៣៤លាន ហិកតា ដែលគម្របព្រៃឈើនេះមានទំហំធំជាងប្រព័ន្ធព្រៃឈើរបស់អាមេរិកចំនួនបួនដង។ ជាងនេះទៅទៀត ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានដាក់ចេញនូវយុទ្ធសាស្រ្តខ្សែបន្ទាត់ក្រហមដើម្បីអភិរក្សធម្មជាតិ និងការពាររុក្ខជាតិនិងសត្វដែលជិតផុតពូជ។ គោលនយោបាយខ្សែបន្ទាត់ក្រហម ត្រូវបានរដ្ឋាភិបាលចិន ចាត់ទុកថាជាអាទិភាពខ្ពស់បំផុតរបស់ជាតិ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដោយរដ្ឋាភិបាលថ្នាក់តំបន់និងមូលដ្ឋាន។

ដោយផ្ដោតការយកចិត្តទុកដាក់ចំពោះការអភិរក្សទាំងនៅក្នុងជម្រកធម្មជាតិ និងនៅក្រៅជម្រកធម្មជាតិ ប្រទេសចិនបានបង្កើតសួនសត្វជាង ២៤០ និងមជ្ឈមណ្ឌលបង្កាត់ពូជសត្វប្រហែល២៥០។ គម្រោងលែងសត្វព្រៃចូលទៅក្នុងជម្រកធម្មជាតិវិញជាច្រើន ត្រូវបានអនុវត្តដោយជោគជ័យ ដូចជាគម្រោងលែងសត្វខ្លាឃ្មុំភែនដា ក្ដាន់ទីបេ ត្រយ៉ងកំប៉ោយ ជាដើម។ ដោយយកចិត្តទុកដាក់ចំពោះជីវៈចម្រុះទឹកសាបនិងសមុទ្រ ប្រទេសចិនក៏បានដាក់ចេញនូវបម្រាមនេសាទត្រីរយៈពេល១០ឆ្នាំនៅក្នុងដែនទឹកសំខាន់ៗនៃទន្លេយ៉ាងសេ និងហាមឃាត់ការនេសាទនារដូវក្ដៅនៅក្នុងសមុទ្រ ផងដែរ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សត្វព្រៃកម្រសំខាន់ៗដូចជាខ្លាឃ្មុំភែនដា ខ្លារខិនព្រិល ក្ដាន់ទីបេ ត្រយ៉ងកំប៉ោយ ជាដើម បានចាកចេញផុតពីមាត់ជ្រោះនៃការស្លាប់ផុតពូជ នឹងត្រូវបានផ្លាស់ប្ដូរពីប្រភេទសត្វដែលជិតផុតពូជ ទៅជាប្រភេទសត្វដែលងាយរងគ្រោះវិញ។

បន្ថែមទៅលើការខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេស រដ្ឋាភិបាលចិនបានគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីអភិរក្សជីវៈចម្រុះសកលលោក។ បញ្ហាប្រឈមចម្បងចំពោះការអភិរក្សជីវៈចម្រុះសកលលោក គឺកង្វះថវិកាដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍក្នុងការអនុវត្តគម្រោងអភិរក្សជីវៈចម្រុះរបស់ពួកគេ។ អ្នកជំនាញបរិស្ថាន បានអំពាវនាវឲ្យប្រទេសដែលមានធនធាន ផ្ដល់ប្រាក់៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងអភិរក្សនិងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។ ប្រទេសចិន បានធ្វើជាគំរូនាំមុខគេក្នុងកិច្ចការនេះ ដោយនៅឆ្នាំ២០២១កន្លងទៅ ប្រទេសចិនបានដាក់ចេញនូវមូលនិធិជីវៈចម្រុះគួនមីង និងបានផ្ដល់ប្រាក់២៣០លានដុល្លារ ដល់មូលនិធិនេះ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីឆ្នាំ២០១៩ រហូតមក ប្រទេសចិន បានក្លាយជាអ្នកផ្ដល់មូលនិធិច្រើនជាងគេបំផុតដល់ថវិកាស្នូលរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះនិងពិធីសារពាក់ព័ន្ធរបស់អនុសញ្ញានេះ។

ជាងនេះទៅទៀត ប្រទេសចិនបានសន្យានិងបានប្រែក្លាយ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ខ្លួន ឲ្យមានលក្ខណៈ ”បៃតង”។ នៅឆ្នាំ២០២១កន្លងទៅ លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសជាផ្លូវការ ហាមឃាត់ការផ្ដល់មូលនិធិដល់គម្រោងកសាងរោងចក្រថាមពល     អគ្គិសនីដើរដោយធ្យូងថ្មនៅបរទេសនៅក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមនេះ។

និយាយដោយសង្ខេប រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្ហាញប្រាប់ពិភពលោកយ៉ាងច្បាស់ថាខ្លួនគឺជាប្រទេសមហាអំណាចបរិស្ថានមួយដែលមានការទទួលខុសត្រូវខ្ពស់ និងជាសរសរទ្រូងទ្រទ្រង់ការអភិរក្សជីវៈចម្រុះសកលលោក ៕

(អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ)

ប្រទេសចិន៖ ពីអ្នកចូលរួម ក្លាយជាអ្នកនាំមុខក្នុងការអភិរក្សជីវៈចម្រុះ