តាមការប៉ាន់ប្រមាណទំហំសរុបសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២២នឹងលើសពី១២០ទ្រីលានយាន់ប្រាក់ចិន
លោក Han Wenxiu អនុប្រធានទទួលបន្ទុកការងារទូទៅនៃការិយាល័យគណកម្មាការហិរញ្ញវត្ថុនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនបានលើកឡើងក្នុងកិច្ចប្រជុំសេដ្ឋកិច្ចចិនឆ្នាំ2022-2023ដែលបានបើកធ្វើនៅថ្ងៃទី១៧ខែធ្នូថា តាមការប៉ាន់ប្រមាណឲ្យដឹងថា ទំហំសរុបសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២២នឹងលើសពី ១២០ ទ្រីលានយាន់ប្រាន់ចិន។ សភាពការណ៍មានការងារធ្វើមានភាពនឹងនរជាទូទៅ ការកែលម្អឧស្សាហកម្មឱ្យប្រសើរឡើងទទួលបានការរីកចម្រើនយ៉ាងសកម្ម។ ចំនួនផលិត លក់ដូរ និងនាំចេញរថយន្តប្រើប្រាស់ថាមពលថ្មីសុទ្ធតែឈរនៅលំដាប់ថ្នាក់ទី១លើពិភពលោក។ ជាពិសេសការនាំចេញរថយន្តប្រើប្រាស់ថាមពលថ្មីបានលើសពី ៧ សែនគ្រឿង ដែលបានកើនឡើង២ដងបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ យន្តហោះដឹកអ្នកដំណើរស៊ីរី C919គ្រឿងទីមួយរបស់ប្រទេសចិនដែលផលិតដោយម្ចាស់ការបានប្រគល់ឱ្យក្រុមហ៊ុនអាកាសរចណ៍ CHINA EASTERN។ គិតជាសរុប បញ្ជីទិញយន្តហោះនេះបានលើសពី៤០០គ្រឿង។បរិមាណផលិតស្បៀងអាហារចិនក្នុងរយៈពេល ៨ ឆ្នាំជាប់បានលើសពី 650 ប៊ីលានគីឡូក្រាមក្នុងមួយឆ្នាំ ចំណូលនិងចំណាយអន្តរជាតិមានសភាពការណ៍ល្អ ទុនបម្រុងរូបិយប័ណ្ណបរទេសបានរក្សាចំនួនលើសពី ៣ ទ្រីលានដុល្លាអាមេរិក។ ក្រោមសភាពការណ៍ដែលអតិផរណាពិភពលោកបានឡើងដល់កម្រិតខ្ពស់ថ្មីក្នុងអស់រយៈពេល ៤០ ឆ្នាំកន្លងមក ប្រទេសចិនបានរក្សាកម្រិតតម្លៃវត្ថុទំនិញដ៏ស្ថិរភាព សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI)រក្សានៅកម្រិតប្រហែល ២% ពោលគឺ សន្តិសុខស្បៀងអាហារនិងថាមពល និងជីវភាពរស់នៅរបស់ប្រជាជនប្រទេសចិនត្រូវបានធានារ៉ាប់រ៉ងប្រកបដោយមានប្រសិទ្ធិភាព៕