សមាគមជាតិកាកបាទក្រហមចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ចំនួន៣០ម៉ឺនដូសដល់កាកបាទក្រហមកម្ពុជាជាលើកទី២

2022-12-19 22:55:51
ប្រភព:វិទ្យុជាតិកម្ពុជា

សមាគមជាតិកាកបាទក្រហមចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ចំនួន ៣០ម៉ឺនដូសដល់កាកបាទក្រហមកម្ពុជាជាលើកទី២ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាបានកាន់តែច្រើនថែមទៀត ខណៈចិនជាប្រទេសទី១ដែលបានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ដល់ប្រទេសកម្ពុជាមុនគេនិងច្រើនជាងគេ។

ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៣០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិនលើកទី២ កាលពីរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា នេះគឺជាលើកទី២នេះ ដែលសមាគមជាតិកាកបាទក្រហមចិនផ្តល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ជូនកាកបាទក្រហមកម្ពុជា ខណៈដែលលើកទី១មានចំនួន១០ម៉ឺនដូស នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២១។

លោកជំទាវបន្តថា   វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានទទួលពីប្រភពនានា ជាពិសេសពី សាធារណរដ្ឋប្រជាមានិតចិន ពិតជាបានរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបានជោគជ័យក្នុងសមរភូមិ ប្រយុទ្ធជាមួយកូវីដ១៩តាមយុទ្ធសាស្ត្រការស្រោចវ៉ាក់សាំង ពីទីក្រុងដល់ជនបទ គ្រប់គ្រងបានទាំងស្រុងគួរឱ្យកត់សម្គាល់នូវការឆ្លងរាតត្បាតជំងឺកូវីដ រហូតបានបើកប្រទេសឡើងវិញគ្រប់វិស័យ ធ្វើឱ្យប្រទេសជាតិ មានដំណើរការឡើងវិញនូវសេដ្ឋកិច្ចសង្គម គ្រួសា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

កាកបាទក្រហមកម្ពុជារួមជាមួយសមាគមជាតិកាកបាទក្រហមចិននិងសមាគមជាតិនានា ក្នុងចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម ប្តេជ្ញាបន្តខិតខំឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលពុំទាន់ទៅណាឆ្ងាយ រួមជាមួយនឹងការបន្តប្រមូលផ្ដុំកម្លាំងមនុស្សធម៌ជាតិអន្តរជាតិ ដោះស្រាយបញ្ហាប្រឈមនានា ។

លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភាគីចិន ជំនួយនេះនឹងធ្វើឱ្យ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន ត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ ៕

សមាគមជាតិកាកបាទក្រហមចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ចំនួន៣០ម៉ឺនដូសដល់កាកបាទក្រហមកម្ពុជាជាលើកទី២