ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងរបស់អាមេរិកពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ចិន

2022-12-21 17:46:34
ប្រភព:CRI

នៅថ្ងៃទី ២០ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។

មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី ១៩ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអះអាងក្នុងសន្និសីទសារព័ត៌មានថា ពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសចិន ហើយរំពឹងទុកថា ប្រទេសចិននឹងចាត់ចែងរឿងនេះដោយសមរម្យ ។ ដោយគិតពិចារណាពីទំហំសេដ្ឋកិច្ចដ៏ធំធេងរបស់ចិន វាមានអំណោយផលដល់ប្រទេសចិនផងនិងពិភពលោកទាំងមូលផង ។ តើប្រទេសចិនមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ?

លោកស្រី Mao Ning បានលើកឡើងថា ចាប់តាំងពីបានផ្ទុះរាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងមក ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ក៏ដូចជាគិតពិចារណាពីសភាពការណ៍ជាតិរបស់ខ្លួនដើម្បីតាក់តែងគោលនយោបាយប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនចិនទាំងមូល ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនេះបានធានាការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាបានកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ ១៩ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

លោកស្រី Mao Ning បានថ្លែងទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ដើម្បីធានាបាននូវការរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែល្អ ។ រដ្ឋាភិបាលចិនរីករាយរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមខាងជំងឺឆ្លង ក្នុងន័យជំរុញការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ ៕

ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងរបស់អាមេរិកពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ចិន