ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន

2022-12-21 17:47:38
ប្រភព:វិទ្យុជាតិកម្ពុជា

ក្រសួងពាណិជ្ជកម្មនៃកម្ពុជាបានចេញផ្សាយថា បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ នាខែតុលា ឆ្នាំ២០២២ កន្លងទៅ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន ដោយមានការបញ្ជាទិញរហូតដល់ជាង ១៨តោន នាពេលថ្មីៗនេះ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តាមរយៈការបញ្ជាក់របស់ ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង ១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជាសញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា។

ក្រសួងបន្តថា ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករដែលជាអ្នកផលិត ហើយពួកគាត់នឹងលែងភ័យព្រួយបារម្ភពីការពិបាករកទីផ្សារសម្រាប់លក់នារដូវប្រមូលផលទៀតហើយ។ អ្វីដែលប្រជាកសិករត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវប្រើប្រាស់បច្ចេកទេសឱ្យបានត្រឹមត្រូវ តាមត្រូវស្ដង់ដារទីផ្សារ អនាម័យ និងភូតគាមអនាម័យ និងការវេចខ្ចប់ប្រកបដោយគុណភាព សោភ័ណភាព។

ប្រភពដដែលបានជម្រាបជូនថា ចម្ការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕

ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន