កម្ពុជា-ចិនបើកសិក្ខាសាលាស្ដីពី រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

2022-12-26 20:55:49
ប្រភព:វិទ្យុជាតិកម្ពុជា

ថ្ងៃទី២១ ខែធ្នូ សិក្ខាសាលាដែលសហការរៀបចំឡើងដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅព្រឹទ្ធសភាកម្ពុជា ក្រោមប្រធានបទ “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”។ ភ្ញៀវកិត្តិយសជាង១០០នាក់ ដែលមកពីព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រយោធាចិនជួយកម្ពុជា ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាទប់ស្កាត់កូវីដ១៩ អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ក្រុមគ្រូពេទ្យកម្ពុជា បានមានវត្តមានចូលរួមក្នុងសិក្ខាសាលាលើកនេះ។

ប្រធានបទនៃសិក្ខាសាលានេះគឺ “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីថាតើកម្ពុជានិងចិនបានសាមគ្គីគ្នាដូចម្ដេចខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងមក រំឭកឡើងវិញអំពីរយៈពេលបីឆ្នាំកន្លងមកនេះប្រទេសចិនខិតខំស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ ផ្ដល់ជំនួយដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលតាមតែអាចធ្វើបាន ស្វែងយល់អំពីគោលនយោបាយថ្មីបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ដើម្បីរួមគ្នាត្រៀមខ្លួនបញ្ចូលថាមពលកាន់តែខ្លាំងក្លាទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជាចិន។

ឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានណែនាំអ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលាឱ្យបានយល់អំពីស្ថានភាពកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន និងបានមានប្រសាសន៍ថាការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនឆ្លុះបញ្ចាំងពីជំហររបស់ប្រជាជននិងស្មារតីនៃការស្វែងរកការពិតនិងជឿនលឿនទៅតាមសម័យកាល។រដ្ឋាភិបាលចិនបានបង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅតាមពេលវេលា និងស្ថានភាព។ គោលបំណងគឺ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ការពារយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្រ្ត នូវសុវត្ថិភាពអាយុជីវិតប្រជាជន និងធានាឱ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់នៃសេដ្ឋកិច្ច និងសង្គម។ ស្របពេលជាមួយគ្នានេះ ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនគឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅជាមួយពិភពខាងក្រៅនិងការចាក់បញ្ចូលថាមពលវិជ្ជមានចូលទៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិតទេពងន អនុប្រធានទី២ព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសទាំងពីរកម្ពុជានិងចិនបានជួយគ្នាទៅវិញទៅមកហើយប្រទេសចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើកព្រមទាំងបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាច្រើនដូសនិងច្រើនលើកមកកាន់ប្រទេសកម្ពុជា ជួយឱ្យកម្ពុជាទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។រដ្ឋាភិបាលក៏ដូចជាប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិននៅតែបន្តការជួយយកអាសារគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នាជំរុញនិងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។ថ្មីៗនេះប្រទេសចិនបានកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតម្ដងទៀតដែលនេះគឺជាការសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនិងជាសកម្មភាពរបស់ប្រទេសចិនខ្លួនឯងផ្ទាល់ដើម្បីបង្កើនភាពត្រឹមត្រូវនៃការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដើម្បីអនុវត្តវិធានការមានប្រសិទ្ធភាពក្នុងការសម្របសម្រួលសុវត្ថិភាពសុខភាពនិងស្ដារឡើងវិញជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជន។

លោកជំទាវយក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសចិនជាប់ជានិច្ច ហើយយល់ឃើញថាការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិនគឺមានភាពប្រុងប្រយ័ត្ន សមស្របតាមបែបវិទ្យាសាស្ត្រ។ភាគីចិនរក្សាគោលជំហរ “យកប្រជាជនជាសំខាន់ យកអាយុជីវិតជាសំខាន់” ថែរក្សាការពារអាយុជីវិតប្រជាជនដោយបានកាត់បន្ថយអត្រាឆ្លង អត្រាឈឺធ្ងន់ និងអត្រាស្លាប់ឱ្យទាបជាងគេបំផុតលើពិភពលោកយ៉ាងជោគជ័យ។លោកជំទាវយល់ឃើញថាការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនគឺមានភាពប្រុងប្រយ័ត្ននិងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រដែលមិនត្រឹមតែធានាបាននូវសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាអតិបរមាប៉ុណ្ណោះទេ ថែមទាំងអាចស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនិងសង្គមប្រកបដោយរបៀបរៀបរយដែលផ្ដល់ប្រយោជន៍ដល់តំបន់និងពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍន៍ផងដែរ។

អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់បានយល់ឃើញជារួមថា កម្ពុជាចិនចាប់ដៃគ្នាឆ្ពោះទៅមុខ  តស៊ូជំនះការលំបាក ដែលនេះបានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩សម្រាប់សហគមន៍អន្តរជាតិ និងបានបង្ហាញថាកម្ពុជានិងចិនគឺជាមិត្តដែកថែបពិតប្រាកដ។ ឈរនៅលើចំណុចចាប់ផ្ដើមនៃដំណើរថ្មី ប្រទេសកម្ពុជានិងចិននឹងពួតដៃប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វេជ្ជសាស្ត្រ ជាដើម ដើម្បីគូសវាសគម្រោងថ្មីសម្រាប់”សហគមន៍ជោគវាសនារួមកម្ពុជាចិន”។

នៅក្នុងសិក្ខាសាលានេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័សពិនិត្យរកជំងឺកូវីដ១៩ ចំនួន៧០ម៉ឺនតេស្ត ជូនដល់ព្រឹទ្ធសភាកម្ពុជាផងដែរ៕

កម្ពុជា-ចិនបើកសិក្ខាសាលាស្ដីពី រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩