សម្តេច តេជោ ហ៊ុន សែន៖ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានផ្តល់ផលប្រយោជន៍ច្រើន សម្រាប់ប្រជាជនកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានផ្តល់ផលប្រយោជ ន៍ច្រើន សម្រាប់ប្រជាជនកម្ពុជា ខណៈចិនគឺជាទីផ្សារដ៏ធំដែលកម្ពុជាអាចនាំផលិតផលរបស់ខ្លួន ទៅកាន់ទីនោះ។
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជាង៩៥ គីឡូម៉ែត្រចាប់ពីថ្នល់ទទឹងដល់ជុំគិរី នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបើកឱកាស ឱ្យ កម្ពុជាពង្រីកទីផ្សារនាំចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោបានរំលឹកថា កាលពី មុននេះទំនិញរបស់កម្ពុជានាំចេញទៅប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសទី៣ ប៉ុន្តែពេលនេះ តាម រយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ទំនិញរបស់កម្ពុជាបាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់ មានដូចជា ផ្លែចេក ស្វាយ មៀនជាដើម។ សម្ដេចតេជោបញ្ជាក់ថា នាពេលខាងមុខនេះ កម្ពុជានឹងនាំត្រីប្រាទៅផ្សារចិនដោយផ្ទាល់ ដែលបានផ្តល់ផល ប្រយោជន៍ច្រើនសម្រាប់រាជរដ្ឋាភិ បាលកម្ពុជា និងប្រជាជនកម្ពុជា។ សម្ដេចក៏បានណែនាំផលិតករត្រូវកែច្នៃឱ្យបានត្រឹមត្រូវ ដោយមានអនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិន។
សំឡេង៖ «រដ្ឋមន្ត្រីការបរទេសឯកឧត្តមវ៉ាង យី បានធ្វើដំណើរមក កាន់ទីក្រុងភ្នំពេញជាបន្តបន្ទាប់ ហើយដែលនាំមកជាមួយនូវអំណោយផ្សេងៗដូចជាវ៉ាក់សាំង ដែលជាជំហានដំបូង ដែលយើងចាប់ផ្តើមពីវ៉ាក់សាំងរបស់ចិន ដើម្បីចាក់ជូនពលរដ្ឋរបស់យើង។ តាមរយៈវ៉ាក់សាំងនេះហើយដែលផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងគឺងើបចេញពីវិបត្តិ ឬអាចថា ចេញពីគ្រោះមរណៈដែលខ្ញុំបានស្រែកដង្ហោយហៅឱ្យពលរដ្ឋរបស់យើង ចូលរួមដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដែលយើងកំពុងស្ថិតនៅក្នុងជ្រោះមរណៈនោះឯង។ ហើយម្យ៉ាងទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិនបានចូលជាធរមាន បើកឱកាសឱ្យយើងពង្រីកទីផ្សារនាំចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នូវទំនិញរបស់កម្ពុជាមួយចំនួន ចេញពីកម្ពុជា ប៉ុន្តែត្រូវឆ្លងកាត់នូវដៃរបស់ប្រទេសទី៣ ចិនទិញរបស់កម្ពុជាក៏ប៉ុន្តែទិញពីដៃប្រទេសផ្សេងទៀត ប៉ុន្តែឥឡូវនេះតាមរយៈកិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការទំនិញរបស់កម្ពុជាបាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់។»
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា៕