ផលិតផលត្រីប្រាកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន នាពេលឆាប់ៗនេះ

2022-12-26 21:04:53
ប្រភព:វិទ្យុជាតិកម្ពុជា

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយដាក់ឱ្យដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ឃើញថា ផលិតផលកម្ពុជា នាំចេញទៅទីផ្សារចិន កាន់តែទូលាយជាងមុន ខណៈនាពេលឆាប់ៗនេះ ត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅទីផ្សារចិនដោយផ្ទាល់ផងដែរ។

ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានចូលជាធរមាន និងបានដំណើរការរួចមក ការបើកឱកាសឱ្យកម្ពុជាពង្រីកទីផ្សារនាំចេញ ទៅកាន់ប្រទេសចិន កាន់តែមានសន្ទុះខ្លាំងជាងមុន។ ជាក់ស្តែង មុននេះ ទំនិញរបស់កម្ពុជានាំចេញទៅប្រទេសចិន ត្រូវឆ្លងកាត់ដៃប្រទេសទី៣។ ឥឡូវនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ទំនិញរបស់កម្ពុជា បាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់ ដូចជា៖ ផ្លែចេក ស្វាយ មៀន ជាដើម។ អ្វីដែលកាន់តែពិសេសទៀតនោះ សម្ដេចតេជោ បានបញ្ជាក់ឱ្យដឹងថា៖ «ហើយខាងមុខនេះ នឹងមាននាំចេញត្រីប្រារបស់កម្ពុជា ចូលទៅទីផ្សាររបស់ចិន ដែលនោះ វាបានផ្ដល់ផលប្រយោជន៍ ច្រើនណាស់សម្រាប់កម្ពុជា ចិនមានប្រជាជនជាង១ពាន់លាននាក់ ខណៈទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំរបស់កម្ពុជា ខ្ញុំក៏បានណែនាំផលិតករ ត្រូវកែច្នៃឱ្យបានត្រឹមត្រូវ ដោយមានអនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិនថែមទៀត»។

សូមរម្លឹកថា យោងតាមរបាយការណ៍របស់ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៩ ដល់បំណាច់ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួនប្រមាណ២លាន៤សែនតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបប្រមាណ១៩៤២លានដុល្លារ។ ដោយឡែក គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជាទៅប្រទេសចិនសម្រេចបានជាង៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង៤៩១លានដុល្លារ។ ដោយសម្លឹងឃើញពីសក្តានុពលនេះ សម្រាប់ប្រទេសចិន ក៏បានរំពឹងទុកថា ក្នុងឆ្នាំ២០២២នេះ កំណើននៃការនាំចេញផលិតផលពីកម្ពុជា នឹងបន្ដកើនឡើងផងដែរ៕

ផលិតផលត្រីប្រាកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន នាពេលឆាប់ៗនេះ