ក្រសួងការបរទេសចិនថ្លែងថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងគឃ្លើន មុខជានឹងទទួលការប្រឆាំងតបតវិញយ៉ាងដាច់ខាតពីភាគីចិនជាក់ជាមិនខាន

2022-12-26 21:24:48
ប្រភព:CRI

កាលពីថ្ងៃទី២៣ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា កិច្ចការ Xizang ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ភាគីអាមេរិកគ្មានសិទ្ធិនិងគ្មានលក្ខណៈសម្បត្តិមកជ្រៀតជ្រែកដោយចេតនានោះទេ ។ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងគឃ្លើន មុខជានឹងទទួលការប្រឆាំងតបតវិញយ៉ាងដាច់ខាតពីភាគីចិនជាក់ជាមិនខាន ។

មានអ្នកសារព័ត៌មានសួរសំណួរថា ទាក់ទិននឹងរឿងដែលភាគីអាមេរិកបានយកអ្វីដែលហៅថា បញ្ហាសិទ្ធិមនុស្សនៃតំបន់ Xizang ធ្វើជាលេស ដើម្បីដាក់ទណ្ឌកម្មដោយខុសច្បាប់ទៅលើមន្ត្រីចិនចំនួនពីររូបនៅពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសចិនបានចេញបទបញ្ជា ដើម្បីចាត់វិធានការដាក់ទណ្ឌកម្មតបតវិញចំពោះលោក Yu Maochun និងលោក Todd Stein ។ លោកស្រី Mao Ning បានថ្លែងអំពីការនេះថា ភាគីអាមេរិកបានយកអ្វីដែលហៅថា បញ្ហាសិទ្ធិមនុស្សនៃតំបន់ Xizang ធ្វើជាលេស ដើម្បីដាក់ទណ្ឌកម្មដោយខុសច្បាប់ទៅលើមន្ត្រីចិន ។ ទង្វើពាក់ព័ន្ធបែបនេះគឺបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនូវក្រឹត្យក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ភាគីចិនបានសម្តែងការប្រឆាំងជាដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការនេះ ។ សំដៅចំពោះទង្វើខុសឆ្គងរបស់ភាគីអាមេរិកដូចពោលខាងលើនេះ ភាគីចិនសម្រេចចិត្តថា នឹងចាត់វិធានការដាក់ទណ្ឌកម្មតបតវិញចំពោះលោក Yu Maochun ទីប្រឹក្សាអំពីកិច្ចការចិនរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Todd Stein អនុប្រធាននៃការិយាល័យនៃគណៈកម្មាធិការអំពីប្រទេសចិននៃរដ្ឋសភាអាមេរិកនាពេលបច្ចុប្បន្ននេះដែលប្រព្រឹត្តយ៉ាងអាក្រក់លើបញ្ហាពាក់ព័ន្ធនឹងប្រទេសចិននិងតំបន់ Xizang ក្នុងរយៈពេលជាយូរ ដោយគិតចាប់ពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២តទៅ ។ ខ្លឹមសារពាក់ព័ន្ធបានត្រូវប្រកាសតាមរយៈបទបញ្ជាលេខ៤នៃក្រសួងការបរទេសចិនរួចហើយ ៕

ក្រសួងការបរទេសចិនថ្លែងថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងគឃ្លើន មុខជានឹងទទួលការប្រឆាំងតបតវិញយ៉ាងដាច់ខាតពីភាគីចិនជាក់ជាមិនខាន