ភាគីចិនផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វដល់កម្ពុជា

2022-12-30 17:10:02
ប្រភព:គេហទំព័រព័ត៌មានចិន

នៅថ្ងៃទី២៧ ខែធ្នូ ពិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១ លានដូស ដែលផ្តល់ដោយក្រសួងកសិកម្ម និង​កិច្ចការ​ជនបទនៃប្រទេសចិន បានរៀបចំនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសកម្ពុជា បានអញ្ជើញមក​ចូលរួម និងថ្លែងសុន្ទរកក្នុងពិធីប្រគល់។

នៅក្នុងឱកាសនេះ ឯកឧត្តម វ៉ាង វិនធៀន បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិន និងកម្ពុជា លើវិស័យសំខាន់ៗនៃកសិកម្មកម្ពុជាមានដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្ត យ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា ហើយការយល់ដឹងស្តីពីកិច្ចសហប្រតិបត្តិការលើថ្នាំពេទ្យសត្វ និងផលិតផល​ជីវសាស្រ្ត និងកិច្ចព្រមព្រៀងស្តីពីការផ្តល់ថ្នាំបង្ការជំងឺឆ្លងសត្វកម្ពុជាត្រូវបានចុះហត្ថលេខា។  ឯកឧត្តមជឿជាក់ថាៈ វ៉ាក់សាំងការពារ​ជំងឺឆ្លងសត្វចំនួន ១ លានដូស ដែលផ្តល់ដោយក្រសួងកសិកម្ម និងកិច្ចការជនបទនៃប្រទេសចិន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​លើក​កម្ពស់​ការអភិវឌ្ឍការចិញ្ចឹមសត្វកម្ពុជា។

ឯកឧត្តម វ៉ាង វិនធៀន បានថ្លែងថា កន្លងមក រដ្ឋាភិបាលចិន បានគាំទ្រវិស័យចិញ្ចឹមសត្វ ក្នុងនោះមានការលើកកម្ពស់​ការចិញ្ចឹម​សត្វ តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះរួមមានវ៉ាក់សាំងជំងឺអុតក្តាម ២ ប្រភេទ សម្រាប់គោក្របីចំនួន ៥០ ម៉ឺនដូស និងវ៉ាក់សាំងជំងឺបូសក្បាលគោក្របីសរុប ៥០ ម៉ឺនដូស។ គួរបញ្ចាក់ថា ការផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វ​ដោយ​ក្រសួង​កសិកម្ម និងកិច្ចការជនបទនៃប្រទេសចិននេះ គឺជាលើកទី ២ ចាប់តាំងពីប្រទេសចិនបានផ្តល់វ៉ាក់សាំង​ការពារ​ជំងឺឆ្លងសត្វ​ចំនួន ២០ ម៉ឺនដូសដល់ប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៩។ ការផ្តល់ជំនួយពីចិននឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍ ការចិញ្ចឹមសត្វ​នៅកម្ពុជា និងលើកកម្ពស់គុណភាពផលិតផលចិញ្ចឹមសត្វដោយប្រសិទ្ធភាព។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេស​កម្ពុជា​នឹងប្តេជ្ញានាំចេញកសិផលកម្ពុជាមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ជំរុញការអភិវឌ្ឍពាណិជ្ជកម្មកសិកម្មកម្ពុជា-ចិន​ប្រកប​ដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរដោយឥតឈប់ឈរ៕

អ្នកសារព័ត៌មាន ៖ អូវយ៉ាង ខាយយួ   យូ សៀងជូន

អ្នកបកប្រែ ៖ Shen Yan

ភាគីចិនផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វដល់កម្ពុជា