លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតជូនចំពោះលោក Muhammadដើម្បីអបអរសាទរលោកបានឡើងកាន់មុខតំណែងជាប្រធានាធិបតីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម
កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Mohammedប្រធានាធិបតីថ្មីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរលោកបានចូលកាន់មុខតំណែងជាប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ។
ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចិននិងអេមីរ៉ាតអារ៉ាប់រួមមក ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ។ ជានិច្ចកាល ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទិននឹងផលប្រយោជន៍ស្នូលនិងបញ្ហាយកចិត្តទុកដាក់សំខាន់ៗរវាងគ្នានិងគ្នា។កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យបានទទួលលទ្ធផលជាផ្លែផ្កាច្រើនសន្ធឹក។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩បានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេមីរ៉ាតអារ៉ាប់រួម ហើយមានឆន្ទៈក្នុងការខិតខំរួមជាមួយលោកប្រធានាធិបតី Mohammed ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេមីរ៉ាតអារ៉ាប់រួម ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕