លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Ferdinand Marcosដែលជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន
នៅព្រឹកថ្ងៃទី១៨ ខែឧសភា លោក Xi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកFerdinand Marcos ដែលជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។
លោក Xi Jinping បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះលោក Marcos ដែលបានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសង្កត់ធ្ងន់ថា លោក Marcos បានចូលរួមដោយផ្ទាល់ និងបានធ្វើជាសាក្សីនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្វីលីពីន ហើយក៏ជាអ្នកកសាង អ្នកគាំទ្រ និងអ្នកបង្កើនចំណងមិត្តភាពរវាងចិននិងហ្វីលីពីនផងដែរ។ យើងគួរតែបន្តវេនឱ្យបានល្អនូវចំណងមិត្តភាពរវាងចិននិងហ្វីលីពីនចងចាំពីគោលបំណងដើម ក្តាប់ជាប់នូវនិន្នាការទូទៅ សរសេរអត្ថបទដ៏ល្អនៃចំណងមិត្តភាពរវាងចិននិងហ្វីលីពីនក្នុងយុគសម័យថ្មី ហើយគូរប្លង់ឱ្យល្អពេញលេញនូវកិច្ចសហប្រតិបត្តិការជាមេត្រីភាពរវាងចិននិងហ្វីលីពីន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនទៅរកអនាគតកាន់តែល្អប្រសើរ។
ជាការឆ្លើយតប លោក Marcos បានថ្លែងថា រដ្ឋាភិបាលហ្វីលីពីនថ្មីនឹងយកទំនាក់ទំនងរវាងហ្វីលីពីននិងចិនជាទិសដៅសំខាន់នៃគោលនយោបាយការទូតរបស់ខ្លួន ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនៅគ្រប់ស្រទាប់ជាមួយប្រទេសចិន ព្រមទាំងធ្វើឱ្យស៊ីជម្រៅ និងជិតស្និទ្ធនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសចិន ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល វប្បធម៌ និងការអប់រំជាដើម។ ខ្ញុំមានការរំពឹងទុកយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងហ្វីលីពីននិងចិនដែលមានអនាគតកាន់តែល្អប្រសើរ និងការអភិវឌ្ឍកាន់តែខ្លាំង ហើយរីករាយរួមជាមួយភាគីចិនក្នុងការបន្តរួមបញ្ចូលកម្លាំងចលករខ្លាំងនិងថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងហ្វីលីពីននិងចិនដោយឥតឈប់ឈរ៕