លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតសាទរចំពោះការបើកវេទិកាជាន់ខ្ពស់នៃធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានក្រោមប្រធានបទ “អភិវឌ្ឍន៍សកល៖ ភារកិច្ចរួមនិងតម្លៃប្រតិបតិ្ត ”
ថ្ងៃទី៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតសាទរចំពោះការបើកវេទិកាជាន់ខ្ពស់នៃធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានក្រោមប្រធានបទ “អភិវឌ្ឍន៍សកល៖ ភារកិច្ចរួមនិងតម្លៃប្រតិបតិ្ត ” ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងឋិតក្នុងបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ គម្លាតរវាងការអភិវឌ្ឍនៃប្រទេសរីកលូតលាស់និងប្រទេសកំពុងអភិវឌ្ឍន៍មានភាពកាន់តែធំ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មី ដូច្នេះ ការជំរុញការអភិវឌ្ឍសកលបានក្លាយជាបញ្ហាដ៏ធំនិងសំខាន់ដែលមនុស្សជាតិយើងបាននិងកំពុងប្រឈម ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកល ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និងរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ជំរុញការតម្កល់ការអភិវឌ្ឍជារបៀបវារៈអន្តរជាតិជាអាទិភាព ពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ក៏ដូចជាជំរុញការសម្រេចបាននូវការអភិវឌ្ឍសកលដែលមានភាពកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ ។
សូមបញ្ជាក់ថា វេទិកាជាន់ខ្ពស់នៃធនាគារគំនិតនិងប្រព័ន្ធសារព័ត៌មានក្រោមប្រធានបទ “អភិវឌ្ឍន៍សកល៖ ភារកិច្ចរួមនិងតម្លៃប្រតិបតិ្ត ” ដែលផ្តួចផ្តើមរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងសហការរៀបចំដោយបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិន មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីការអភិវឌ្ឍរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំងនៅថ្ងៃដដែល ៕