លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ី
រសៀលថ្ងៃទី២៦ខែកក្កដា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីនៅក្រុងប៉េកាំង។ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី ក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់មួយចំនួន។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ីទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ដែលបានបង្ហាញពីភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា ។ ការកសាងទំនុកចិត្តរវាងគ្នានិងគ្នាត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សជាតិនិងសមុទ្រមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ។ការពិតជាក់ស្តែងបានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យបានល្អ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមយូរអង្វែងរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវិជ្ជមានចំពោះតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ។ ខ្ញុំរីករាយរួមសហការជាមួយលោកប្រធានាធិបតី ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកផងដែរ។
ជាការឆ្លើយតប លោកJoko Widodoបានថ្លែងថា ឥណ្ឌូណេស៊ីនិងចិនគឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការទ្វេភាគីបានផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក ។ ឥណ្ឌូណេស៊ីរីករាយរួមសហការជាមួយភាគីចិន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំដល់ការជំរុញសន្តិភាពក្នុងតំបន់និងការអភិវឌ្ឍសកល។ក្នុងនាមជាប្រធានផ្លាស់វេននៃអាស៊ាននៅឆ្នាំក្រោយ ឥណ្ឌូណេស៊ីរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាននិងចិន។
បន្ទាប់ពីបញ្ចប់កិច្ចជំនួប ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រនិងផ្លូវសូត្រតាមសមុទ្រសតវត្សរ៍ទី២១ និងទស្សនទានអំពី” កំណល់សមុទ្រសកល” ក៏ដូចជាឯកសារសហប្រតិបត្តិការខាងវិស័យវ៉ាក់សាំង ការអភិវឌ្ឍបៃតងនិងសមុទ្រជាដើម៕