លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិក

2022-07-29 16:40:46
ប្រភព:CRI

  យប់ថ្ងៃទី២៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការពិព្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយស្មោះអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនិងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។

  លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានការណ៍សេដ្ឋកិច្ចពិភពលោកពោរពេញទៅដោយការប្រឈម ។ ចិននិងអាមេរិកគួរតែរក្សាការប្រាស្រ័យទាក់ទងលើបញ្ហាសំខាន់ៗ ដូចជាការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ការធានាសុវត្ថិភាពថាមពលនិងស្បៀងអាហារជាសកលជាដើម ។ ការធ្វើផ្ទុយពីក្រឹត្យក្រមដោយផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន គឺគ្មានអំណោយផលដល់ការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញនោះឡើយ ផ្ទុយទៅវិញវានឹងធ្វើឱ្យសេដ្ឋកិច្ចសកលមានភាពកាន់តែអន់ថយថែមទៀត ។

  ក្រៅពីនេះ លោក Xi Jinping បានអធិប្បាយជាសំខាន់ពីគោលជំហរជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់ ។   លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលនិងប្រជាជនចិនមានគោលជំហរតែមួយជាប់រហូតមក ពោលគឺ គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដី នេះជាឆន្ទៈយ៉ាងរឹងមាំរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ ។ អាមេរិកត្រូវគោរពគោលការណ៍ប្រទេសចិនមួយ និងអនុវត្តតាមសេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិក ។

  ជាការឆ្លើយតប លោក បៃដិន បានថ្លែងថា អាមេរិករំពឹងអាចរក្សាកិច្ចសន្ទនាជាមួយចិនដោយរលូន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ជៀសវាងកុំឱ្យមានការវិនិច្ឆ័យខុសឆ្គង ក្នុងន័យស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមពេលជាមួយគ្នានេះ ក៏គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ។ លោកបានរំលឹកឡើងវិញថា គោលនយោបាយប្រទេសចិនមួយរបស់អាមេរិកមិនបានកែប្រែទេ អាមេរិកមិនគាំទ្រឱ្យតៃវ៉ាន់ “ឯករាជ្យ”នោះឡើយ ៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិក