អត្ថបទសម្រង់ពីសៀវភៅ«ធ្វើឱ្យមហាជនមានជីវភាពល្អ---ដានជើងរបស់លោក Xi Jinping នៅស្រុក Zhengding» ៖ ភួយមានបំណះច្រើន
នៅខែមេសា ឆ្នាំ ១៩៨២ នៅពេលថ្ងៃត្រង់ដែលមានពន្លឺថ្ងៃកក់ក្តៅ ភួយមួយឈុតត្រូវបានហាលនៅលើស្នួលហាលខោអាវនៃទីធ្លាគណៈកម្មាធិការបក្សស្រុក Zhengding ។
ភួយទាហានពណ៌បៃតងចាស់ដែលត្រូវបានគេបោកសម្អាតអស់ជាច្រើនឆ្នាំមកហើយ បានប្រែទៅជាពណ៌ស ហើយមានរាងតូចចង្អៀតនិងខ្លី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺលើភួយមានបំណះរាងត្រីកោណចម្រុះពណ៌ ដែលទាក់ទាញក្រសែភ្នែកក្រោមពន្លឺថ្ងៃដ៏ភ្លឺចិញ្ចាច។
មនុស្សនៅក្នុងទីធ្លាដែលបានទទួលទានអាហារថ្ងៃត្រង់រួចបានមកជុំគ្នា ហើយមើលវាដោយចង់ដឹងចង់ឃើញ។ មានគេបានរាប់បំណះនៅលើភួយដោយស្ងៀមស្ងាត់ មានចំនួនដល់ទៅសែសិបហាសិបឯណោះ។
"នេះជារបស់លេខាធិការ Xi។" មានគេនៅក្នុងហ្វូងមនុស្សនិយាយខ្សឹប ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។
នៅពេលដែលលឺថា ភួយរបស់លោក Xi Jinping ខ្លីពេក ហើយភួយមានបំណះនៅលើ បំណះ នាងHe Yu ក៏ប្រញាប់ទៅរកគាត់។
“ទៅខ្ចីភួយពីផ្ទះសំណាក់ ស្រួលជាង។” នាងនិយាយទាំងយកចិត្តទុកដាក់។
"មិនបាច់ទេ ខ្ញុំស៊ាំនឹងភួយនេះទៅហើយ។" លោក Xi Jinping បាននិយាយថា "ទោះបី ជាភួយយោធាខ្លីបន្តិចក៏ដោយ តែខ្ញុំមានអាវធំយោធា ពាក់វានៅពេលថ្ងៃ និងគ្របជើងនៅពេលយប់ ល្អតើ" ។
លោក Xi Jinpingក៏បានប្រាប់នាងពីរឿងនៅពីក្រោយភួយនេះផងដែរ។ បំណែក ក្រណាត់ចម្រុះពណ៌នៅលើភួយមិនមែនជា"បំណះ"ទេ ប៉ុន្តែគឺអ្នកម្តាយដេរភ្ជាប់គ្នាដោយ ប្រើសំលៀកបំពាក់ចាស់នៅផ្ទះ។ នៅអាយុ ១៥ ឆ្នាំ Xi Jinping បានចុះទៅរស់នៅទី ជនបទភាគខាងជើងខេត្ត Shanxi គាត់បានយកភួយនេះជាប់តាមខ្លួនជាប់រហូត។ លោកបាននិយាយដោយស្មោះត្រង់ថា៖ ខ្ញុំពិតជាមានមនោសញ្ចេតនាចំពោះវាណាស់។
ខណៈដែលរឿងនេះត្រូវបាននិយាយតៗគ្នា មហាជនកោតសរសើរលេខាធិការរងនៃគណៈកម្មការបក្សស្រុកកាន់តែខ្លាំងឡើងៗ។
"គាត់មកពីស្ថាប័នមជ្ឈិមបក្ស បែរជាសន្សំសំចៃជាងកម្មាភិបាលមូលដ្ឋានជាច្រើន។"គ្រប់គ្នានិយាយថា។
គណៈកម្មការបក្សស្រុកនិងសាលាស្រុកធ្វើការក្នុងបរិវេណមួយ។ អគារការិយាល័យ ទាំងអស់សុទ្ធតែជាផ្ទះមួយជាន់ធ្វើពីឥដ្ឋដែលសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ បន្ទាប់ពីត្រូវខ្យល់និងភ្លៀងជិត ៣០ ឆ្នាំ វាទ្រុឌទ្រោម មានសភាពសើមក្នុងរដូវផ្កាយរីក ក្តៅហប់ក្នុងរដូវក្តៅ ខ្យល់ចូលក្នុងរដូវស្លឹកឈើជ្រុះ ហើយត្រជាក់ខ្លាំងក្នុងរដូវរងា។ កម្មាភិបាលដែលគ្មានផ្ទះក្នុងស្រុក ពួកគេធ្វើការក្នុងការិយាល័យពេលថ្ងៃ ហើយសម្រាកក្នុងការិយាល័យពេលយប់។
លោក Xi Jinping ក៏មិនលើកលែងដែរ ការិយាល័យគឺជាអន្តេវាសិកដ្ឋានរបស់លោក។ តុមួយ កៅអីមួយ ទូសៀវភៅមួយ គ្រែមួយ បូករួមទាំងធ្នើចានលាងមុខ និងបំពង់ទឹកក្ដៅមួយ ទាំងអស់នេះគឺជាប្រដាប់ប្រដារប្រើប្រាស់ប្រចាំថ្ងៃរបស់លោក។ ក្នុងរដូវរងា បន្ថែមចង្ក្រានធ្យូងតូចមួយសម្រាប់ស្រូបកំដៅ និងកំសៀវដែកមួយសម្រាប់ដាំទឹក។
រហូតដល់ដើមឆ្នាំទីពីរ នៅពេលដែលអគារថ្មីរបស់គណៈកម្មាធិការបក្សស្រុកបានសាងសង់ លោក Xi Jinping បានរើទៅធ្វើការនិងស្នាក់នៅជាន់ទីពីរ ទើបលក្ខខណ្ឌ មានភាពប្រសើរឡើង។ វាគឺជាបន្ទប់ឈុតតូចមួយ លោកធ្វើការនៅខាងក្រៅ និងគេងនៅខាងក្នុង ការផ្លាស់ប្តូរដ៏ធំបំផុតនោះគឺទូសៀវភៅមួយបានក្លាយទៅជាពីរ។
នៅពេលនោះមានតែអាហារដ្ឋានធំមួយប៉ុណ្ណោះនៅក្នុងបរិវេណគណៈកម្មការបក្សស្រុក ផ្តល់អាហារតាមពេលកំណត់។ លោក Xi Jinping ដូចអ្នកដទៃដែរ រាល់ពេលហូបបាយយកចានបាយទៅតម្រង់ជួរដើម្បី ទិញអាហារ ។
នៅព្រឹកមួយ លោក Li Hengmin បុគ្គលិកនៃការិយាល័យប្រវត្តិសាស្រ្តបក្សនៃគណៈកម្មការបក្សស្រុកបានតម្រង់ជួរ ដើម្បីទិញអាហារពេលព្រឹកនៅក្នុងអាហារដ្ឋាន។ ក្រឡេកមើលទៅក្រោយឃើញលោក Xi Jinping បានតម្រង់ជួរនៅពីក្រោយគាត់។ គាត់និយាយភ្លាមថា "លេខា Xi សូមអញ្ចើញមុនចុះ"។
លោក Xi Jinping ញញឹមហើយគ្រវីដៃថា “មិនអីទេ តាមលំដាប់លំដោយទៅ”។
ក្នុងអាហារដ្ឋានមានតុមូលប៉ុន្មាន តែមានកៅអីតិចតួច។ បន្ទាប់ពីអាកាសធាតុឡើងក្តៅ ក្រោមដើមអាកាស្យានៅមុខអាហារដ្ឋានក៏ក្លាយជាអាហារដ្ឋានបណ្តោះអាសន្នដែរ។ នៅទីនេះមានតុទាបនិងកៅអីទាបធ្វើពីបន្ទះស៊ីម៉ងត៍ អ្នកគ្រប់គ្នាទិញអាហារហើយ យកមកខាងក្រៅជួបជុំគ្នា អង្គុយលើកៅអីឬអង្គុយចោងហោងញ៉ាំបាយតែម្ដង។ លោក Xi Jinping បានចូលរួមក្នុងជួរ មិនជាយូរប៉ុន្មានក៏ស្គាល់ជាមួយអ្នកទាំងអស់គ្នា។ បន្ទាប់ពីអ្នកផងបានទាក់ទងជាមួយគាត់ ពួកគេមានអារម្មណ៍ថាគាត់មិនវាយឮក មានចំណេះដឹង និងពូកែនិយាយ តែងតែនិយាយរឿងថ្មីៗ។ ដូច្នេះហើយ កន្លែងណាគាត់អង្គុយញ៉ាំបាយ កន្លែងនោះ ឡោមព័ទ្ធដោយមនុស្សយ៉ាងរហ័ស ហើយគ្រប់គ្នានិយាយលេងសើច។
នៅក្នុងកន្លែងទទួលទានអាហារបែបនេះ មូសខាំនៅរដូវក្តៅ ហើយដីហុយនៅរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះ ប៉ុន្តែលោក Xi Jinping រីករាយនឹងអ្វីដែលព្រះប្រទានឱ្យជាមួយមនុស្សគ្រប់គ្នា។ លោកក៏បានសន្និដ្ឋានថា ការញ៉ាំរបៀបនេះល្អណាស់ ទីមួយអាចញ៉ាំផងជជែកគ្នាផង ដើម្បីផ្លាស់ប្តូរមតិយោបល់ ទីពីរអាចជួយមើលគ្នា ដើម្បីកាត់បន្ថយការខ្ជះខ្ជាយ ទីបីអាចញ៉ាំផងនិយាយគ្នាអំពីការងារផង ដែលអាចនិយាយបានថាសម្រេចភារកិច្ចបីតាមរយៈទង្វើមួយ។
ដោយសារជាប់រវល់នឹងការងារ លោក Xi Jinping រមែងតែមិនបានញ៉ាំអាហារទាន់ពេលវេលា។ ប្រជុំលើសម៉ោង ទិញនំប៉ាវគ្មានស្នូលពីរនិងតៅហ៊ូមួយដុំពីអាហារដ្ឋានធ្វើជាអាហារមួយពេល។ ពេលខ្លះត្រឡប់មកពីជនបទយឺត អាហារដ្ឋានបិទទ្វារហើយ គាត់បានប្រើចង្ក្រានធ្យូងតូច ចម្អិនមីក្នុងការិយាល័យ។
ក្នុងរដូវរងាឆ្នាំ ១៩៨៣ លោក Xi Jinping បានធ្លាក់ខ្លួនឈឺដោយសារការងារធ្ងន់ និង ហូបអាហារមិនទៀងទាត់។ មុនដំបូង គាត់មិនបានយកចិត្តទុកដាក់នោះទេ បន្ទាប់ពីមានសភាពធ្ងន់ធ្ងរទើបទៅជួបគ្រូពេទ្យ។
គាត់សួរគ្រូពេទ្យថា "លេបថ្នាំបានអត់ ?” គ្រូពេទ្យនិយាយថា “ទេ លោកត្រូវតែចូលសម្រាកក្នុងមន្ទីរពេទ្យ!”
សមមិត្តមកពីការិយាល័យគណៈកម្មការបក្សស្រុកបានមកសួរសុខទុក្ខលោក Xi Jinping ដោយសុំទោសចំពោះគាត់ថា "យើងមិនបានមើលថែអ្នកឱ្យបានល្អ ហើយធ្វើឱ្យអ្នកធ្លាក់ខ្លួនឈឺ" ។
លោក Xi Jinping បាននិយាយថា "ជម្ងឺតូចតាចនេះគ្មានអ្វីសោះ។ សមាជិកបក្សកុម្មុយនីស្តចិនមិនអាចតែងតែគិតអំពីរឿងតូចតាចក្នុងជីវិតរបស់ខ្លួនបានទេ។ ប្រសិនបើពួកគេគិតអំពីរឿងតូចតាចក្នុងជីវិតរបស់ខ្លួនច្រើន នោះពួកគេនៅឆ្ងាយពីការបម្រើប្រជាជនដោយអស់ពីដួងចិត្ត។
បីថ្ងៃក្រោយមក គាត់បានទទូចចង់ចេញពីមន្ទីរពេទ្យ ហើយត្រឡប់ចូលទៅធ្វើការទាំងយប់ទាំងថ្ងៃវិញ៕