លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាអន្តរជាតិស្តីពីភាពធន់ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់
នាថ្ងៃទី ១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាអន្តរជាតិស្តីពីភាពធន់ និងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។
ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ការរក្សាបាននូវភាពធន់ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺជាការធានាដ៏សំខាន់សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជនលើពិភពលោក ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវការគាំពារភាពជាទំនិញសាធារណៈនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ធានាសុវត្ថិភាព និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ហើយចាត់វិធានការជាក់ស្តែងដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងអស់។
លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសនានា ដើម្បីចាប់យកឱកាសថ្មីនៃបដិវត្តន៍បច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូររូបមន្តឧស្សាហកម្ម ក្នុងន័យរួមគ្នាកសាងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកលប្រកបដោយសុវត្ថិភាព ស្ថិរភាព រលូន ប្រសិទ្ធភាព បើកចំហ បិរយាប័ន្ន ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ។
សូមបញ្ជាក់ថា វេទិកាអន្តរជាតិស្តីពីភាពធន់ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់បានបើកនៅទីក្រុង Hangzhou ខេត្ត Zhejiang នាថ្ងៃដដែលក្រោមប្រធានបទ "រួមសហការគ្នាដើម្បីពុះពារឧបសគ្គនិងដើរឆ្លងគ្រាលំបាក អនុវត្តជាក់ស្តែងនូវការកសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយភាពធន់"។