លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Steinmeier ប្រធានាធិបតីអាល្លឺម៉ង់បានផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអាល្លឺម៉ង់
កាលពីថ្ងៃទី ១១ ខែតុលា លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីអាល្លឺម៉ង់ Steinmeier បានផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអាល្លឺម៉ង់។
ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អាល្លឺម៉ង់ ហើយមានឆន្ទៈរួមសហការជាមួយលោកប្រធានាធិបតី Steinmeier ដោយចាត់ទុកខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងអាល្លឺម៉ង់ឡើងដល់កម្រិតថ្មី ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។
ចំណែកលោក Steinmeier បានថ្លែងថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងអាល្លឺម៉ង់-ចិនទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅលើវិស័យជាច្រើន ដែលបានបង្កើនការផ្លាស់ប្តូររវាងប្រទេសទាំងពីរ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់និងចិន គឺសមស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរ ។ ខ្ញុំសូមជូនពរឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស ៕