លោកXi Jinping ប្រធានរដ្ឋចិនថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានឆ្លងកាត់ព្រឹត្តិការណ៍ធំៗចំនួន ៣ ដែលមានសារៈសំខាន់ និងមានឥទ្ធិពលដ៏វែងឆ្ងាយក្នុងប្រវត្តិសាស្ត្រ
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។
លោក Xi Jinping បានថ្លែងថា គិតតាំងពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មកទល់បច្ចុប្បន្នមានរយៈពេល ១០ ឆ្នាំហើយ ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានឆ្លងកាត់ព្រឹត្តិការណ៍ធំៗចំនួន ៣ នៃបុព្វហេតុបក្សនិងប្រជាជន ដែលមានសារៈសំខាន់ និងមានឥទ្ធិពលដ៏វែងឆ្ងាយក្នុងប្រវត្តិសាស្ត្រ ពោលគឺ ទី១ ការប្រារព្ធខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន ទី២ ការកសាងសង្គមនិយមដែលមានលក្ខណៈពិសេសចិនបានឈានចូលដល់យុគសម័យថ្មី ទី៣ ប្រទេសចិនបានសម្រេចយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនិងសម្រេចនូវការបង្កើតសង្គមដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដោយបានសម្រេចគោលដៅមួយសតវត្សទីមួយ ។ នេះគឺជាជ័យជម្នះជាប្រវត្តិសាស្ត្រដែលទទួលបានដោយការរួមសាមគ្គីនិងតស៊ូព្យាយាមរវាងបក្សកុម្មុយនីស្តចិននិងប្រជាជនចិន និងជាជ័យជម្នះជាប្រវត្តិសាស្ត្រដែលមានជះឥទ្ធិពលដ៏វែងឆ្ងាយចំពោះពិភពលោក ៕