លោក Xi Jinping ៖ ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៤០ ប្រទេសចិនបានឈានចូលចំណោមប្រទេសបែបនវានុវត្តន៍

2022-10-17 18:54:06
ប្រភព:CRI

  សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៤០ ទំហំពាណិជ្ជកម្មទំនិញសរុបស្ថិតក្នុងចំណាត់ថ្នាក់ទី១ ទំហំកៀរគរទុនវិនិយោគបរទេសនិងការបណ្តាក់ទុនចំពោះក្រៅប្រទេសបាននាំមុខលើលោក ដែលបានកកើតទៅជាទ្រង់ទ្រាយបើកចំហចំពោះក្រៅប្រទេសដែលប្រកបដោយក្របខ័ណ្ឌកាន់តែធំ វិស័យកាន់តែធំទូលាយ និងកាន់តែស៊ីជម្រៅ។ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផលិតផលក្នុងស្រុកសរុបប្រទេសចិនបានកើនឡើងពី៥៤ទ្រីលានដល់១១៤ទ្រីលានយាន់ប្រាក់ចិន ទំហំសេដ្ឋកិច្ចសរុបនៃប្រទេសចិនត្រូវជា១៨ក្បៀស៥នៃទំហំសេដ្ឋកិច្ចពិភពលោក កើនឡើង៧ក្បៀស២ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២លើពិភពលោក។

  លោក Xi Jinping បានថ្លែងបន្តថា ប្រទេសចិនបានសម្រេចការដោះស្រាយបច្ចេកទេសគន្លឹះមួយចំនួន ឧស្សាហកម្មងើបថ្មីមានលក្ខណៈយុទ្ធសាស្ត្របាននិងកំពុងត្រូវអភិវឌ្ឍនិងត្រូវពង្រឹងនិងពង្រីក ហើយបានទទួលសមិទ្ធផលយ៉ាងធំធេងនៅក្នុងវិស័យអាវកាសដឹកមនុស្ស រុករកភពព្រះចន្ទនិងភពអង្គារ ការវាស់ស្ទង់ជម្រៅបាតសមុទ្រនិងស្នូលផែនដី កំពូលកុំព្យូទ័រ ផ្កាយរណបនាំផ្លូវ ព័ត៌មានកង់ទិចបច្ចេកទេសអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ ការផលិតយន្តហោះធំនិងទំនើប និងឳសថជីវសាស្ត្រជាដើម ដែលបានធ្វើឲ្យប្រទេសចិនឈរក្នុងចំណោមប្រទេសបែបនវានុវត្តន៍។ប្រទេសចិននឹងបន្តអនុវត្តយុទ្ធសាស្ត្រដែលធនធានមនុស្សធ្វើឲ្យប្រទេសជាតិខ្លាំងក្លាឲ្យកាន់តែស៊ីជម្រៅ ប្រកាន់ខ្ជាប់នូការគោរពចំពោះពលកម្ម គោរពចំពោះចំណេះដឹង គោរពចំពោះធនធានមនុស្ស និងគោរពចំពោះការឆ្នៃប្រឌិតថ្មី ក៏ដូចជាកែលម្អការចាត់ចែងយុទ្ធសាស្រ្តធនធានមនុស្ស ដើម្បីពង្លឿនកិច្ចកសាងមជ្ឈមណ្ឌលធនធានមនុស្សនិងនវានុវត្តន៍ដ៏សំខាន់របស់ពិភពលោក៕

លោក Xi Jinping ៖ ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៤០ ប្រទេសចិនបានឈានចូលចំណោមប្រទេសបែបនវានុវត្តន៍