សមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។
របាយការណ៍បានបូកសរុបការងារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះនិងការផ្លាស់ប្តូរដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំក្នុងយុគសម័យថ្មីចាប់តាំងពីពេលបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ព្រមទាំងបានកំណត់ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីនិងដំណើរថ្មី ពោលគឺ ចាប់ពីពេលនេះទៅ ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនគឺរួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ដើម្បីរួមគ្នាកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញតាមបែបផែនទំនើបចិន។
បក្សកុម្មុយនីស្តចិនបានកំណត់គោលដៅតស៊ូមួយរយឆ្នាំចំនួនពីរសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន។ គោលដៅមួយរយឆ្នាំទី ១ គឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយត្រូវបានសម្រេចក្នុងខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ របាយការណ៍នេះបានធ្វើការចាត់ចែងលម្អិតអំពីគោលដៅមួយរយឆ្នាំទី ២ គឺការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយក្នុងឱកាសខួបមួយរយឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅពាក់កណ្តាលសតវត្សរ៍នេះ។ របាយការណ៍បានចង្អុលបង្ហាញថា ប្រទេសចិនបានចាប់ផ្ដើមឈានចូលដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ រយៈពេលប្រាំឆ្នាំខាងមុខគឺជារយៈពេលដ៏សំខាន់សម្រាប់ការចាប់ផ្តើម។ របាយការណ៍នេះបានលើកឡើងនូវគំនិតថ្មី យុទ្ធសាស្រ្តថ្មី និងវិធានការថ្មីសម្រាប់សម្រេចគោលដៅមួយរយឆ្នាំទី ២ ដោយផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពង្រឹងការទ្រទ្រង់ដោយធនធានមនុស្សដើម្បីធ្វើទំនើបកម្ម ធានាសិទ្ធិជាម្ចាស់នៃប្រទេសជាតិរបស់ប្រជាជន ជំរុញការកសាងនីតិរដ្ឋ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ជំរុញការរួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ រក្សាសន្តិសុខជាតិនិងស្ថិរភាពសង្គម និងការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ល។
តំណាងបក្សនិងតំណាងពិសេសជាង ២៣០០ នាក់ តំណាងក្រៅបក្សនិងអ្នកទទួលខុសត្រូវពាក់ព័ន្ធបានអញ្ជើញចូលរួមសមាជលើកនេះ ។
សូមបញ្ជាក់ថា សមាជនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ។ អង្គសមាជនឹងស្តាប់និងពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ពិនិត្យពិភាក្សាដើម្បីអនុម័ត (សេចក្តីព្រាងច្បាប់វិសោធនកម្ម)"លក្ខន្តិកៈបក្សកុម្មុយនីស្តចិន" ព្រមទាំងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី។
បក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្ត ១០១ ឆ្នាំបានកាន់អំណាចរយៈពេល ៧៣ ឆ្នាំជាប់ៗ ចាប់តាំងពីពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក។ សមាជបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបង្កើតឡើងដោយសមាជបក្ស គឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិន។ សមាជបក្សកុម្មុយនីស្តចិនបើកធ្វើជារៀងរាល់ប្រាំឆ្នាំម្តង៕