សមាជបក្សកុម្មុយនីស្តចិនលើកទី២០បិទបញ្ចប់នៅក្រុងប៉េកាំង លោក Xi Jinping ធ្វើជាអធិបតីក្នុងសន្និសីទ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
ថ្ងៃទី២២ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបិទបញ្ចប់នៅក្រុងប៉េកាំង ។
សមាជលើកនេះបានបោះឆ្នោតនិងបង្កើតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ សេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ និងសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងសន្និសីទ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
សមាជលើកនេះបានឯកភាពគ្នាថា ដាក់បញ្ចូលលទ្ធផលនៃទ្រឹស្តីថ្មីរបស់គំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ដែលទទួលបានក្រោយពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មក ក្នុង«លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ព្រមទាំងបានកំណត់យ៉ាងជាក់លាក់ពីគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចិន ពោលគឺ ដល់ឆ្នាំ២០៣៥ សម្រេចបានជាមូលដ្ឋាននូវទំនើបភាវូបនីយកម្មសង្គមនិយម និងដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងប្រទេសចិនឱ្យក្លាយប្រទេស សង្គមនិយមទំនើបដ៏ខ្លាំងក្លា ក៏ដូចជាសម្រេចបាននូវ “គោលដៅតស៊ូមួយរយឆ្នាំទី២” ។
លោក Xi Jinping បានថ្លែងថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់អង្គសមាជទាំងអស់ សមាជលើកនេះបានទទួលជោគជ័យដោយគាប់ប្រសើរ បានឈានដល់គោលបំណងដូចជាទទួលបានគំនិតឯកភាពរួម ជំនឿចិត្តយ៉ាងមុតមាំ ទិសដៅយ៉ាងច្បាស់លាស់ និងឆន្ទៈតស៊ូគួរឱ្យលើកទឹកចិត្ត ។ សមាជលើកនេះបានអនុម័តលើរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ បានរំលឹកនិងបូកសរុបការងារក្នុងរយៈពេល៥ឆ្នាំកន្លងមក និងការផ្លាស់ប្តូរដ៏មហិមាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនៅយុគសម័យថ្មី បានគ្រោងផែនការយុទ្ធសាស្រ្តអំពីការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន បានចង្អុលបង្ហាញពីទិសដៅ និងកំណត់សេចក្តីណែនាំប្រតិបត្តិ ដើម្បីអភិវឌ្ឍកិច្ចការបក្សនិងរដ្ឋក្នុងយុគសម័យថ្មីនិងដំណើរថ្មី ក៏ដូចជាសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី២ផងដែរ ៕