លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតីថ្មីរបស់ប្រេស៊ីល

2022-11-01 18:08:02
ប្រភព:CRI

  នៅថ្ងៃទី ៣១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោក Luis Inacio Lula da Silva ដើម្បីសម្តែងការអបអរសាទរចំពោះលោកដែលជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

  លោក Xi Jinpingបានលើកឡើងថា ប្រទេសចិននិងប្រេស៊ីលគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំនិងជាប្រទេសដែលមានទីផ្សារងើបឡើងថ្មីដ៏សំខាន់ ដែលមានផលប្រយោជន៍និងកាតព្វកិច្ចរួមយ៉ាងទូលំទូលាយ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៤៨ ឆ្នាំមក ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលអាណត្តិមុនៗនៃប្រទេសទាំងពីរនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គមនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-ប្រេស៊ីលទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗបានទទួលសមិទ្ធផលយ៉ាងច្រើនសន្ធឹក។ ប្រទេសចិន និងប្រេស៊ីលមានទំនាក់ទំនងមេត្រីភាពយូរអង្វែង ហើយការពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក និងជំរុញការអភិវឌ្ឍនិងវិបុលភាពរួម។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រេស៊ីល ហើយខ្ញុំរីករាយរួមជាមួយលោក Lula ដើម្បីរួមគ្នាគ្រោងផែនការនិងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-ប្រេស៊ីលឱ្យឈានដល់កម្រិតថ្មីតាមរយៈចក្ខុវិស័យជាយុទ្ធសាស្ត្រ និងវែងឆ្ងាយ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតីថ្មីរបស់ប្រេស៊ីល