លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រគល់ “គ្រឿងឥស្សរិយយសមិត្តភាព”ជូនចំពោះលោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមព្រមទាំងរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសយ៉ាងឱឡារិក

2022-11-01 18:09:15
ប្រភព:CRI

  កាលពីថ្ងៃទី៣១ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានប្រគល់ “គ្រឿងឥស្សរិយយសមិត្តភាព”នៃសាធារណរដ្ឋប្រជាមានិតចិនជូនចំពោះលោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងបានរៀបចំធ្វើពិធីប្រគល់គ្រឿងឥស្សរិយយសយ៉ាងឱឡារិកផងដែរ ។

  លោក Xi Jinping បានថ្លែងក្នុងពិធីថា ក្រោមការយកចិត្តទុកដាក់ខ្ពស់និងជំរុញដោយផ្ទាល់របស់លោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម មិត្តភាពប្រពៃណីរវាងបក្សនិងប្រទេសទាំងពីរចិននិងវៀតណាមទទួលបានការពង្រឹងថែមទៀត ហើយទំនុកចិត្តខាងនយោបាយក៏ត្រូវបានពង្រឹងឥតឈប់ឈរ កិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ការរៀនសូត្រនិងផ្លាស់ប្តូរគ្នាទៅវិញទៅមកក៏មានភាពកាន់តែស្និទ្ធស្នាលផងដែរ ។ “គ្រឿងឥស្សរិយយសមិត្តភាព”បានតំណាងឱ្យមនោសញ្ចេតនាដ៏មេត្រីភាពរបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិនចំពោះលោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនវៀតណាម ជានិមិត្តសញ្ញានៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែល “សមមិត្តបូកបងប្អូន”រវាងចិននិងវៀតណាម ដែលពោរពេញទៅដោយបំណងប្រាថ្នាយ៉ាងស្មោះរបស់បក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរដែលរួមគ្នាស្វែងរកអនាគតដ៏ល្អបវរ ។

  លោក Nguyễn Phú Trọng បានថ្លែងថា ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់នេះបានបង្ហាញពីមិត្តភាពយ៉ាងជ្រាលជ្រៅរបស់បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិននិងប្រជាជនចិនចំពោះបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាលវៀតណាមនិងប្រជាជនវៀតណាមព្រមទាំងមេដឹកនាំគ្រប់អាណត្តិដែលបូករួមទាំងខ្លួនលោកផង ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងចំពោះវៀតណាមដែលខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពរវាងវៀតណាមនិងចិនផងដែរ ៕

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រគល់ “គ្រឿងឥស្សរិយយសមិត្តភាព”ជូនចំពោះលោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមព្រមទាំងរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសយ៉ាងឱឡារិក