លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់លើកទី ៣១
កាលពីថ្ងៃទី ១ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះ លោក Teben ប្រធានាធិបតីអាល់ហ្សេរីដែលជាប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់លើកទី ៣១នៅអាល់ហ្សេរី។
ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា សម្ព័ន្ធអារ៉ាប់បានផ្តោតលើការជំរុញពិភពអារ៉ាប់ឱ្យរួមសាមគ្គីគ្នាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ជំរុញយ៉ាងសកម្មនូវសន្តិភាពនិងស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា ហើយបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីគាំពារពហុភាគីនិយមនិងគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកសូមកោតសរសើរចំពោះប្រទេសអាល់ហ្សេរីដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលយូរដើម្បីបង្កើនសាមគ្គីភាពរវាងប្រទេសអារ៉ាប់ គាំពារយ៉ាងសកម្មនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសកំពុងអភិវឌ្ឍន៍ និងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសអារ៉ាប់ដើម្បីបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ ពង្រីកកិច្ចសហប្រតិបត្តិការ និងពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-អារ៉ាប់ក្នុងយុគសម័យថ្មី រួមគ្នាកសាងអនាគតដ៏ល្អបវរនៃទំនាក់ទំនងចិន-អារ៉ាប់ សំដៅរួមចំណែកក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍនៃពិភពលោក៕