លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះការបើកវេទិកាធុរកិច្ចថាមពលរវាងចិននិងរុស្ស៊ីលើកទី៤
ថ្ងៃទី២៩ខែវិច្ឆិកា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារសាទរចំពោះការបើកវេទិកាធុរកិច្ចថាមពលរវាងចិននិងរុស្ស៊ីលើកទី៤។
ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានលើកឡើងថា កិច្ចសហប្រតិបត្តិការខាងថាមពលរវាងចិននិងរុស្ស៊ីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការប្រាកដប្រជារវាងប្រទេសទាំងពីរ ហើយក៏ជាកម្លាំងវិជ្ជមានសម្រាប់គាំពារសន្តិសុខថាមពលសកលផងដែរ។ ប្រឈមនឹងហានិភ័យនិងការប្រកួតប្រជែងខាងក្រៅ ប្រទេសទាំងពីរចិននិងរុស្ស៊ីបានបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការគ្នា ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗ ដែលបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការខាងថាមពលរវាងចិននិងរុស្ស៊ី ក៏ដូចជាបានសឱ្យឃើញពីអនាគតដ៏ទូលំទូលាយនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីផងដែរ។ ភាគីចិនរីករាយរួមសហការជាមួយភាគីរុស្ស៊ី ដើម្បីបង្កើតជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការខាងថាមពលដែលមានភាពកាន់តែស្អិតល្មួត ជំរុញការអភិវឌ្ឍថាមពលស្អាតនិងបៃតង រួមគ្នាគាំពារសន្តិសុខថាមពលនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ក៏ដូចជារួមចំណែកថ្មីក្នុងការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងនិរន្តរភាពក្នុងរយៈពេលយូរអង្វែងនៃទីផ្សារថាមពលអន្តរជាតិ៕