លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់តំណាងអ្នករៀនភាសាចិននៅអារ៉ាប៊ី សាអូឌីត

2022-12-08 15:36:30
ប្រភព:CRI

ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់តំណាងអ្នករៀនភាសាចិននៅប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីលើកទឹកចិត្តយុវជនអារ៉ាប៊ី សាអូឌីតឱ្យខិតខំរៀនភាសាចិនឱ្យបានល្អ ដើម្បីរួមចំណែកថ្មីដល់ការបង្កើនចំណងមិត្តភាពរវាងចិននិងអារ៉ាប៊ី សាអូឌីត និងមិត្តភាពរវាងចិននិងប្រទេសអារ៉ាប់។

លោក Xi Jinping បានលើកឡើងថា អ្នកទាំងអស់គ្នាបានរៀនភាសាចិននិងបានចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ “ស្ពានភាសាចិន”  បានយល់ដឹងពីប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ខ្ញុំសប្បាយចិត្តណាស់។ ការរៀនភាសាទៅវិញទៅមក យល់ដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌រវាងគ្នានិងគ្នានឹងមានប្រយោជន៍ដល់ការបង្កើនចំណងមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរ  ហើយក៏នឹងជំរុញដល់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ។

គួររំលឹកថា  ពេលថ្មីៗនេះ យុវជនអារ៉ាប៊ី សាអូឌីតជាង១០០នាក់ដែលកំពុងរៀនភាសាចិននិងចូលចិត្តរៀនភាសាចិនបានរួមគ្នាសរសេរសំបុត្រផ្ញើជូន លោក Xi Jinping ប្រធានរដ្ឋចិន  ដើម្បីចែករំលែកពីលទ្ធផលនិងចំណាប់អារម្មណ៍ចំពោះការរៀនភាសាចិន សង្ឃឹមថាអាចយល់ដឹងពីប្រទេសចិនថែមមួយកម្រិតទៀត និងមានឆន្ទៈធ្វើជាអ្នកការទូតវ័យក្មេងដើម្បីជំរុញចំណងមិត្តភាពរវាងអារ៉ាប៊ី សាអូឌីតនិងចិន។

សូមបញ្ជាក់ថា  បច្ចុប្បន្ននេះ  ភាសាចិនត្រូវបានបញ្ចូលក្នុងប្រព័ន្ធអប់រំជាតិរបស់អារ៉ាប៊ី សាអូឌីតជាផ្លូវការ សរុបមានសកលវិទ្យាល័យចំនួន ៩ បានបន្ថែមឯកទេសពាក់ព័ន្ធនឹងភាសាចិន  ដែលបានបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនសរុបជាង៣០០នាក់ និងបានរៀបចំឱ្យនិស្សិតជាង១១០០នាក់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ “ស្ពានភាសាចិន”  តាមអនឡាញ៕

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់តំណាងអ្នករៀនភាសាចិននៅអារ៉ាប៊ី សាអូឌីត