ក្រសួងការបរទេសចិនថ្លែងថា ៖ ការអភិវឌ្ឍរបស់ចិនបានរួមបញ្ជូលនិងបំពេញបន្ថែមគ្នាជាមួយការអភិវឌ្ឍរបស់ពិភពលោក

2022-12-08 15:38:26
ប្រភព:CRI

ថ្ងៃទី៦ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរថា  ប៉ុន្មានថ្ងៃមុននេះ  លោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានចុះផ្សាយអត្ថបទមួយក្នុងទស្សនាវដ្តី 《កិច្ចការបរទេស》ដោយលើកឡើងថា ការងើបឡើងងរបស់ចិនមិនមែនជាហេតុផលដែលដាក់ឲ្យប្រទេសចិននៅឯកោទេ  ហើយក៏មិនមែនជាលេសដែលរឹតត្បិតកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននោះដែរ ។ លោកបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ពិភពលោក មិនទាន់ឈានចូលក្នុងសម័យសង្រ្គាមត្រជាក់ថ្មីទេ ហើយលោកមិនយល់ស្របនឹងទស្សនៈដែលឱ្យចិន និងអាមេរិកប្រឈមមុខដាក់គ្នានោះទេ ។ តើភាគីចិនមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានថ្លែងថា  ភាគីចិនបានគត់សម្គាល់ពីការលើកឡើងរបស់លោក   Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ។  ប្រទេសចិនប្រកាន់ខ្ជាប់នូកម្មវត្ថុគោលនយោបាយការទូតដែលរក្សាសន្តិភាពពិភពលោកនិងការជំរុញការអភិវឌ្ឍរួមក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសនានា ។ ការពិតបានបង្ហាញឱ្យឃើញថា  ការអភិវឌ្ឍរបស់ចិន គឺជាការកើនឡើងនៃកម្លាំងសន្តិភាពរបស់ពិភពលោក ក៏ជាកម្លាំងចលករនិងកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។

លោកស្រី Mao Ning បានថ្លែងបន្តថា  ការអភិវឌ្ឍរបស់ចិនមិនអាចផ្តាច់ចេញពីពិភពលោកបានទេ ហើយភាពរុងរឿងរបស់ពិភពលោកក៏មិនអាចផ្តាច់ពីប្រទេសចិនបានដែរ ។ ប្រទេសចិននឹងបន្តអនុវត្តការបើកចំហកម្រិតខ្ពស់និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយប្រទេសដទៃទៀត ។ នៅពេលជួបពិភាក្សាជាមួយលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា   ប្រទេសចិនគាំពារនិងជំរុញសន្តិភាពពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ការអភិវឌ្ឍរបស់ចិនបានរួមបញ្ជូលនិងបំពេញបន្ថែមគ្នាជាមួយការអភិវឌ្ឍរបស់ពិភពលោក៕

ក្រសួងការបរទេសចិនថ្លែងថា ៖ ការអភិវឌ្ឍរបស់ចិនបានរួមបញ្ជូលនិងបំពេញបន្ថែមគ្នាជាមួយការអភិវឌ្ឍរបស់ពិភពលោក