បទវិភាគ៖ចិននិងប្រទេសកោះប៉ាស៊ីហ្វិកធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការគឺជាការគាំពារយ៉ាងខ្លាំងចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិក
“មិនថាស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ចិនគឺជាមិត្តភក្តិល្អនិងបងប្អូនល្អដែលរួមសុខរួមទុក្ខនិងដៃគូល្អដែលរីកចម្រើនទៅមុខជាមួយគ្នារបស់ប្រទេសកោះប៉ាស៊ីហ្វិកជានិច្ច ។” លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកលើកទីពីរកាលពីថ្ងៃទី៣០ខែឧសភា ដោយកោតសរសើរថា កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលដ៏ធំធេង បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងជាគំរូក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
ថ្ងៃដដែល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលបើកធ្វើនៅប្រទេសហ្វីជីលើកនេះបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាច្រើន ហើយក៏ជាសក្សីនៃកម្លាំងរស់ដ៏រឹងមាំនៃទំនាក់ទំនងរវាងចិននិងប្រទេសពាក់ព័ន្ធផងដែរ ។ ភាគីចិនបានប្រកាសថា រីករាយបង្កើតជា “វេទិកាថ្មីចំនួន៦”សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកោះប៉ាស៊ីហ្វិក ។ ឯកសារអំពីគោលជំហររបស់ចិនដែលគោរពគ្នាទៅវិញទៅមកនិងរួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសកោះប៉ាស៊ីហ្វិកដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ បានលើកឡើងពីទស្សនទានសហប្រតិបត្តិការមួយចំនួន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក ។
ក្នុងរយៈពេលយូរណាស់មកហើយ ប្រទេសប៉ែកខាងលិចដូចជាសហរដ្ឋអាមេរិកជាដើមបានខ្វះការគោរពជាមូលដ្ឋានចំពោះប្រទេសកោះប៉ាស៊ីហ្វិក ។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកសឹងតែធ្លាប់ចាត់ទុកតំបន់ប៉ាស៊ីហ្វិកខាងត្បូងជាកន្លែងធ្វើបទពិសោធន៍នុយគ្លេអ៊ែរនិងកន្លែងដាក់សំណល់នុយគ្លេអ៊ែរ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ មតិសាធារណៈនៃបស្ចិមប្រទេសបានមួលបង្កាច់កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកពាក់ព័ន្ធជាញឹកញាប់ ដើម្បីធ្វើឱ្យតំបន់នេះស្ថិតនៅក្រោមស្រមោលខ្មៅនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ។
តើប្រទេសចិនបាននាំមកនូវអ្វីដល់ប្រទេសកោះប៉ាស៊ីហ្វិក?តាមស្ថិតិឱ្យដឹងថា ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកបានកើនឡើងពី១៥៣លានដុល្លារអាមេរិកដល់៥ពាន់៣រយលានដុល្លារអាមេរិក ដែលកើនឡើងជាង៣០ដងក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ។ ភាគីចិនក៏បានផ្តល់ជំនួយផ្នែកបច្ចេកទេសសេដ្ឋកិច្ចនិងវេជ្ជសាស្ត្រដោយមិនអមលក្ខខណ្ឌនយោបាយណាមួយដល់ប្រទេសកោះប៉ាស៊ីហ្វិកក្នុងរយៈពេលយូរណាស់មកហើយផងដែរ ។ ដូចប្រសាសន៍របស់លោក Henry Puna អគ្គលេខាធិការនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វិកដែលបានលើកឡើងថា ប្រទេសចិនជាដៃគូសន្ទនានិងអភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេសកោះប៉ាស៊ីហ្វិក ដែលបានរួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍនៃប្រទេសកោះក្នុងរយៈពេលយូរមកហើយ លោករំពឹងទុកអាចបង្កើនការតភ្ជាប់ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយភាគីចិននិងឆ្លៀតប្រើឱកាសអភិវឌ្ឍន៍របស់ចិនយ៉ាងពេញលេញ ។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកលើកនេះ ភាគីចិនបានប្រកាសថា នឹងបន្តបង្កើតជាវេទិកាសហប្រតិបត្តិការថ្មីចំនួន៦ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ បង្ការគ្រោះមហន្តរាយនិងកសិកម្មជាដើម នេះគឺស៊ីសង្វាក់ខ្ពស់ជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកោះប៉ាស៊ីហ្វិក ។
ខណៈពេលដែលប្រទេសអាមេរិកនិងអូស្ត្រាលីជាដើមទាញ“ក្រុមតូច”ដើម្បីបង្កការបដិបក្ខគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចិននិងប្រទេសកោះប៉ាស៊ីហ្វិកធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការគឺជាការគាំពារដ៏ខ្លាំងក្លាចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក វាបានបង្ហាញថាប្រទេសធំនិងតូចអាចគោរពរាប់អានគ្នាប្រកបដោយសមភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕