បទវិភាគ៖តើពេលណាទើបពាក្យសន្យារបស់ភាគីអាមេរិកចំពោះប្រទេសចិនលែងរសាត់តាមខ្យល់?
កាលពីថ្ងៃទី១៣ខែមិថុនាតាមម៉ោងក្នុងតំបន់ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៅក្រុងលុចសំបួ ។ បើមើលពីដំណឹងដែលត្រូវបែកធ្លាយបន្ទាប់ពីជំនួបពិភាក្សាឱ្យដឹងថា ភាគីទាំងពីរបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅនិងលក្ខណៈស្ថាបនា ដោយឯកភាពគ្នាថានឹងចាត់ទុកការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់ជាការណែនាំ បង្កើនការទាក់ទងនិងកិច្ចសន្ទនា កាត់បន្ថយការយល់ច្រឡំនិងវិនិច្ឆ័យខុសឆ្គង ក៏ដូចជាគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតដោយសមរម្យ។
នេះជាលើកទីបួនដែលមន្ត្រីជាន់ខ្ពស់ចិននិងអាមេរិកពីររូបរៀបចំជំនួបពិភាក្សាទល់មុខក្នុងរយៈពេលពីរឆ្នាំកន្លងទៅបន្ទាប់ពីជំនួបពិភាក្សានៅក្រុង Anchorage ក្រុង Zurich និងក្រុងរ៉ូម ។ បើនិយាយជាទូទៅ ជំនួបពិភាក្សាលើកនេះបានបង្ហាញពីគោលបំណងដែលភាគីទាំងពីរចិននិងអាមេរិកនឹងរក្សាការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរចំពោះមជ្ឈដ្ឋានខាងក្រៅ ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតក្នុងផ្លូវបំបែកជាគន្លឹះ ។ លក្ខណៈពិសេសនៃផ្លូវបំបែកនេះគឺមិនត្រឹមតែអ្នកសម្រេចគោលនយោបាយត្រូវដឹងថានឹងដើរទៅណាប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបោះជំហានយ៉ាងពិតប្រាកដផងដែរ ។ អំពីទិសដៅនៃទំនាក់ទំនងទ្វេភាគី តាមការពិត មេដឹកនាំកំពូលចិននិងអាមេរិកបានមានគំនិតឯកភាពរួចហើយ ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគោលការណ៍បីចំណុះ គឺគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយលោក Joe Biden ប្រធានាធិបតីអាមេរិកក៏បានលើកឡើងពាក្យសន្យាមួយចំនួនជាច្រើនលើកផងដែរ ពោលគឺ មិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ មិនស្វែងរកការកែប្រែប្រព័ន្ធរបបប្រទេសចិន មិនស្វែងរកការប្រឆាំងនឹងប្រទេសចិនតាមរយៈបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត មិនគាំទ្រតំបន់តៃវ៉ាន់ឯករាជ្យនិងគ្មានចេតនាកើតមានការប៉ះទង្គិចជាមួយប្រទេសចិន ដែលជាខ្លឹមសារជាក់ស្តែងនៃគំនិតឯកភាពនេះ ។
ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ គំនិតឯកភាពរួមដ៏សំខាន់រវាងប្រមុខរដ្ឋចិននិងអាមេរិកនៅតែមិនអាចត្រូវបានអនុវត្តនៅសហរដ្ឋអាមេរិកនៅឡើយទេ រហូតដល់សកម្មភាពរបស់ភាគីអាមេរិកបានធ្វើផ្ទុយនឹងការបង្ហាញអាកប្បកិរិយារបស់មេដឹកនាំរបស់អាមេរិក ។ បើប្រៀបធៀបនឹងភាគីអាមេរិក ភាគីចិនបានបង្ហាញពីភាពស្មោះត្រង់និងសុទ្ធចិត្តក្នុងការអនុវត្តគំនិតឯកភាពរួមរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ។
បើមើលពីខ្លឹមសារដែលជំនួបពិភាក្សាលើកនេះបានបែកធ្លាយឱ្យដឹងថា ភាគីចិនបានបង្ហាញយ៉ាងច្បាស់លាស់នូវគំនិតជំរុញការកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក ពោលគឺ ពិភាក្សាអំពីផ្លូវនិងមធ្យោបាយដើម្បីសម្រេចបាននូវគោលការណ៍ទាំងបីចំណុះ ។
មិនថាបទពិសោធន៍ប្រវត្តិសាស្ត្រ ឬក៏ភាពជាក់ស្តែងនាពេលបច្ចុប្បន្នសុទ្ធតែបង្ហាញថា ប្រសិនបើភាគីអាមេរិកមានភាពស្មោះត្រង់ដូចភាគីចិន គោរពតាមគោលការណ៍បីចំណុះដែលលើកឡើងដោយមេដឹកនាំរបស់ចិន និងជំរុញយ៉ាងប្រាកដប្រជាឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដ៏ល្អប្រសើរវិញ នោះ វាមិនត្រឹមតែមានអំណោយផលដល់ទំនាក់ទំនងរវាងចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការដោះស្រាយបញ្ហាដែលសហរដ្ឋអាមេរិកបានប្រឈមមុខនាពេលបច្ចុប្បន្ននេះផងដែរ ។
អ្វីដែលអ្នកផងទាំងពួងយកចិត្តទុកដាក់នោះគឺ តើពេលណាទើបពាក្យសន្យារបស់ភាគីអាមេរិកចំពោះប្រទេសចិនលែងរសាត់តាមខ្យល់?