បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានពុះពារសម្ពាធនិងមានភាពធន់កាន់តែខ្លាំងឡើងៗ
ព្រឹកថ្ងៃទី១៣ ខែកក្កដា អគ្គរដ្ឋបាលគយរបស់ប្រទេសចិនបានចេញផ្សាយតារាងពិន្ទុនៃការនាំចេញនាំចូលរបស់ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ពោលគឺមានបរិមាណសរុប ១៩,៨ទ្រីលានប្រាក់យាន់ចិន បានកើនជាង ៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្នុងនោះការនាំចេញបានកើនឡើង១៣,២ភាគរយ រីឯការនាំចូលបានកើនឡើង ៤,៨ភាគរយ ។ ជាពិសេស បើគិតជាប្រាក់ដុល្លារអាមេរិក ល្បឿនកំណើននៃការនាំចេញរបស់ប្រទេសចិននៅខែមិថុនាបានកើនឡើង១៧,៩ភាគរយ បានហួសពីការប៉ាន់ប្រមាណរបស់ស្ថាប័នទីផ្សារភាគច្រើនទាំងក្នុងស្រុកនិងក្រៅប្រទេស ។
នៅបីខែដំបូងឆ្នាំនេះ ប្រទេសចិនបានសម្រេចបាននូវកិច្ចចាប់ផ្តើមដ៏មានស្ថិរភាពដែលមានកំណើន១០,៧ភាគរយ បន្ទាប់មក តំបន់ដីសណ្តរទន្លេយ៉ង់សេនិងទន្លេជូជាំង ដែលមានក្រុងសៀងហៃជាតំណាងនិងជាតំបន់ពាណិជ្ជកម្មជាមួយបរទេសដ៏សំខាន់របស់ប្រទេសចិន បានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩សារចុះសារឡើង បានវាយប្រហារយ៉ាងខ្លាំងបង្គួរទៅលើការនាំចេញនិងនាំចូលនៅខែមេសា ។ ពេលដល់ខែឧសភា យោងតាមស្ថានការណ៍ទូទៅនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិនមានភាពល្អប្រសើរជាទូទៅ សហគ្រាសបានបង្កបង្កើន ផលឡើងវិញប្រកបដោយរបៀបរៀបរយ ហើយតួលេខពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានចាប់ផ្តើមកើនឡើង ។ ខែឧសភា ល្បឿនកំណើនបានឡើងដល់៩,៥ភាគរយបើប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ រីឯខែមិថុនាវិញ ល្បឿនកំណើនបានឡើងដល់១៤,៣ភាគរយ ទីបំផុត ល្បឿនកំណើននៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ គឺ៩,៤ភាគរយ បានរក្សានិន្នាការជាមូលដ្ឋាននៃកំណើនពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនដោយនឹងនរ ។
បើសិនជាចាត់ទុកផលប៉ះពាល់ពីជំងឺកូវីដ១៩លើកនេះ ជាការសាកល្បងរបស់ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងការទប់ទល់នឹងកម្លាំងសម្ពាធ នោះការងើបឡើងវិញយ៉ាងខ្លាំងនៅខែឧសភា និងខែមិថុនាទទួលបានពន្ទុល្អក្នុងការប្រឡងលើកនេះ ហើយក៏ជាការច្រានចោលយ៉ាងខ្លាំងក្លាចំពោះពាក្យសំដីរបស់មជ្ឈដ្ឋានមតិខាងក្រៅ ដែលតែងតែឃោសនាថាសេដ្ឋកិច្ចចិនមានសភាពអន់ថយ ។
ហេតុអ្វីបានជាពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចពុះពារ “ការសាកល្បងពីកម្លាំងសម្ពាធ ” គឺដោយមកពីតម្រូវការរបស់ពិភពលោកទាំងមូលចំពោះ “ផលិតផលចិន”មានភាពនឹងនរ ។ នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិនលើវិស័យផលិតផលឧស្សាហកម្មគ្រឿងចក្រនិងអេឡិចត្រូនិក ដូចជាឧបករណ៍អគ្គិសនី គ្រឿងឧបករណ៍អេឡិចត្រូនិច និងរថយន្តជាដើមបានកើនឡើង២៤,៨ភាគរយ ១៦,៤ភាគរយនិង៥១,១ភាគរយដោយឡែកពីគ្នា រីឯការនាំចេញលើវិល័យផលិតផលនៃឧស្សាហកម្មអតីពលកម្ម ដូចជាវាយនភណ្ឌ សំលៀកបំពាក់ ផលិតផលប្លាស្ទីកនិងស្បែកជើងជាដើមបានកើនឡើង១០,៨ភាគរយ ១៤,៩ភាគរយនិង៣១,៤ភាគរយដោយឡែកពីគ្នា ។
កំពង់ផែក៏ជាប់រវល់ណាស់ដែរ។ តាមដំណឹងផ្សាយឱ្យដឹងថា ពីខែមិថុនាដល់សព្វថ្ងៃនេះ គិតជាមធ្យម ក្នុងមួយថ្ងៃៗ រដ្ឋបាលគយនៃក្រុងសៀងហៃ អាចទទួលបានរាយការណ៍នៅកន្លែងគយសម្រាប់ការនាំចេញនិងនាំចូលប្រហែល ៦ម៉ឺន បានកើនឡើង៣,៤៤ដងបើប្រៀបធៀបនិងពាក់កណ្តាលខែមេសា ។
ប្រការនេះអាចឃើញថា ពិភពលោកត្រូវការប្រទេសចិន ។ ការអភិវឌ្ឍក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ធ្វើឱ្យប្រទេសចិនក្លាយទៅជាប្រទេសតែមួយគត់ដែលមានឧស្សាហកម្មគ្រប់ផ្នែកទាំងអស់ក្នុងបញ្ជីឈ្មោះឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ ជាងនេះទៅទៀត ក្នុងផលិតផលឧស្សាហកម្មសំខាន់ៗចំនួនជាង៥០០ប្រភេទនៅលើពិភពលោក ផលិតផលឧស្សាហកម្មចំនួនជាង២២០ប្រភេទរបស់ប្រទេសចិនកាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក ។
និយាយជារួម នៅឆមាសទីមួយឆ្នាំនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានពុះពារសម្ពាធនិងមានភាពធន់កាន់តែខ្លាំងឡើងៗ ហើយបានចាក់គ្រឹះដ៍រឹងមាំសម្រាប់ឱ្យប្រទេសចិនរក្សាភាពនឹងនរនៃពាណិជ្ជកម្មជាមួយបរទេសពេញមួយឆ្នាំ និងលើកកម្ពស់គុណភាព ។ យោងតាមគោលនយោបាយរបស់ប្រទេសចិនជាច្រើនសម្រាប់លំនឹងសេដ្ឋកិច្ចត្រូវបានអនុវត្តជាបន្តបន្ទាប់ និងការបង្កបង្កើនផលឡើងវិញត្រូវជំរុញដោយមានរបៀបរៀបរយ នោះពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានលក្ខណៈសម្បតិ្តរក្សាការកើនឡើងដោយនឹងនរ ហើយនឹងបន្តផ្តល់កម្លាំងចលករដល់ការងើបឡើងវិញសេដ្ឋកិច្ចពិភពលោកតទៅទៀត ៕