បទវិភាគ៖អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរបញ្ឈប់លេងកលល្បិចដើម្បីបង្កបង្កើតវិបតិ្តនិងទម្លាក់កំហុសទៅឱ្យប្រទេសចិនទៀត

2022-08-24 16:47:53
ប្រភព:CRI

  នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិកបានដឹកនាំសម្ដែងឆាកល្ខោនដែលបានបង្កើតជាវិបត្តិនិងទម្លាក់កំហុសទៅឱ្យប្រទេសចិន ។

  ពាក់ព័ន្ធនឹងករណីដែលលោកស្រី Pelosiប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ មន្ត្រីជាន់ខ្ពស់អាមេរិកបានចេញមុខជាបន្តបន្ទាប់ មួលបង្កាច់ប្រទេសចិនថា មាន “ប្រតិកម្មហួសហេតុ ”ចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi “បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកលេចចេញនូវវិបតិ្ត” ហើយប៉ុនប៉ងទម្លាក់កំហុសដែលបណ្តាលឱ្យស្ថានភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកំដៅទៅឱ្យប្រទេសចិន ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ អ្នកនយោបាយអាមេរិកមួយចំនួនក៏បានធ្វើដំណើរទៅកាន់តៃវ៉ាន់ជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹង ហាក់ដូចជាយកសាំងមកចាក់លើភ្លើង ។

  បើរំលឹកឡើងវិញពីវិបតិ្តតំបន់ច្រកសមុទ្រតៃវ៉ាន់លើកនេះ អ្នកដែលគ្មានគំនិតលំអៀងសុទ្ធតែអាចឃើញថា ក្រោមការញុះញង់និងការរៀបចំចាត់ចែងពីរដ្ឋាភិបាលអាមេរិក លោកស្រី  Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដោយគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងកំណត់នៃសេចក្តីប្រកាសរួមបីច្បាប់រវាងចិននិងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបានវាយប្រហារយ៉ាងខ្លាំងដល់មូលដ្ឋាននយោបាយរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ ដើម្បីគាំពារស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងច្បាស់លាស់មុនពេលដំណើរទស្សនកិច្ចលើកនេះ ហើយបានគូសបញ្ជាក់ជាច្រើនលើកពីភាពធ្ងន់ធ្ងរនិងផលវិបាកនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi  ព្រមទាំងបានលើកឡើងថា អាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលប៉ះពាល់ទាំងអស់ដែលបណ្តាលមកពីរឿងនេះ ដូច្នេះអាចនិយាយបានថា ប្រទេសចិនបានបញ្ជាក់ពីរឿងនេះទុកជាមុនរួចហើយ ។

      នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Kissinger  អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi  មិនមែនជាទង្វើប្រកបដោយវិចារណាញ្ញាណនោះទេ គឺជាឧទាហរណ៍មួយដែលប៉ុនប៉ងដោះស្រាយបញ្ហាតាមរយៈការធ្វើបដិបក្ខ ។ លោក Pereira ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសចិនបានលើកឡើងថា អាមេរិកទម្លាក់កំហុសទៅឱ្យប្រទេសចិន ហើយរិះគន់ប្រទេសចិនចាត់វិធានការណ៍តបតវិញ នេះជាកលល្បិចចាស់របស់អាមេរិកដែលចង់ច្រាលចោលទំនួលខុសត្រូវរបស់ខ្លួន ។ ប្រការទាំងនេះអាចបញ្ជាក់ថា ការរិះគន់របស់អ្នកនយោបាយអាមេរិកមួយចំនួនគឺគ្មានទីសំអាងទាល់តែសោះ ។

  បន្ទាប់ពីលោកស្រី Pelosi ធ្វើដំណើរទៅទស្សនកិច្ចនៅតៃវ៉ាន់មិនជាយូរប៉ុន្មាន  លោក Ed Markey សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក និងលោក Eric J. Holcomb អភិបាលរដ្ឋ Indianaរបស់អាមេរិកក៏បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់ ។ ប្រការនេះបានបង្ហាញថា  អាមេរិកមិនមិនត្រឹមតែមិនបានកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ជាងនេះទៅទៀត បែរជាបង្ករឿងជាបន្តបន្ទាប់ ប៉ុនប៉ងឆក់យកផលប្រយោជន៍ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ។

  អាចឃើញថា មូលហេតុនិងផលប៉ះពាល់នៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi គឺច្បាស់លាស់ អាមេរិកជាអ្នកបង្ករឿងហេតុ ទង្វើរបស់មេរិកហាក់ដូចជាចោរស្រែកចាប់ចោរ ហើយអ្នកដែលយកសាំងមកចាក់លើភ្លើង ក៏ជាអាមេរិកហ្នឹងឯង។

  អាមេរិកគួរតែក្រេបយកមេរៀនពីទង្វើខុសឆ្គងរបស់លោកស្រី Pelosi ដែលបានធ្វើដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃគោលការណ៍ចិនតែមួយនិងមាត្រាកំណត់ក្នុងសេចក្តីប្រកាសរួមបីច្បាប់រវាងចិននិងអាមេរិកវិញ មិនត្រូវប្រព្រឹត្តិអំពោះខុសជាន់លើខុសនោះឡើយ ។ បើពុំនោះសោត ប្រទេសចិននឹងចាត់វិធានការតបតវិញយ៉ាងដាច់ខាត  ហើយកំដរដល់ទីបញ្ចប់ ៕

បទវិភាគ៖អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរបញ្ឈប់លេងកលល្បិចដើម្បីបង្កបង្កើតវិបតិ្តនិងទម្លាក់កំហុសទៅឱ្យប្រទេសចិនទៀត