បទវិភាគ៖តាំងពីដើមមក ប្រទេសចិនដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពគឺជាឱកាសរបស់ពិភពលោក

2022-10-21 17:58:01
ប្រភព:CRI

   “ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការគាំពារសន្តិភាពពិភពលោកនិងជំរុញកម្មវត្ថុគោលនយោបាយការទូតស្តីពីការអភិវឌ្ឍជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។” សមាជបក្សកុម្មុយនីស្តចិនលើកទី២០កំពុងបើកធ្វើ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្តែងអាកប្បកិរិយាដូចខាងលើនៅពេលលោកតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី១៩ធ្វើរបាយការណ៍ការងារដែលបាននាំឱ្យសហគមន៍អន្តរជាតិពិភាក្សាគ្នាយ៉ាងសកម្មនិងយ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគបានសម្គាល់ឃើញជាទូទៅថា នេះបានបង្ហាញពីការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់ចិនដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវទំនើបកម្មដែលមានការអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំ បក្សកុម្មុយនីស្តចិននឹង “បន្តរួមចំណែកកាន់តែធំដល់សន្តិភាព វឌ្ឍនភាពនិងវិបុលភាពរបស់ពិភពលោកតទៅទៀត” ។

  ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមក មិនដែលបំផុសសង្គ្រាមនិងការប៉ះទង្គិចណាមួយដោយម្ចាស់ការនោះទេ ហើយក៏មិនដែលឈ្លានពានទឹកដីរបស់ប្រទេសដទៃទៀតសូម្បីតែមួយតឹកក៏គ្មានដែរ ។ បច្ចុប្បន្ននេះ ប្រទេសចិនជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពច្រើនបំផុតនិងជាប្រទេសដែលទម្លាក់ថវិកាសម្រាប់រក្សាសន្តិភាពច្រើនទីពីរនៃអង្គការសហប្រជាជាតិ ដែលត្រូវគេកោតសរសើរថា ជា “កម្លាំងគន្លឹះ”ក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ។

  ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនត្រឹមតែបាននាំឱ្យប្រទេសចិនបោះជំហានឆ្ពោះទៅកាន់ទំនើបកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបន្ថែមនូវថាមពលវិជ្ជមានដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍនិងសន្តិភាពនៃពិភពលោកផងដែរ ។ ចិនបានគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួមដោយការអនុវត្តជាក់ស្តែងរបស់ខ្លួនជាប់រហូតមក ។

  នៅខែកញ្ញាឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅពេលអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ។ ខ្លឹមសារជាស្នូលគឺជំរុញការអភិវឌ្ឍរួមនិងបង្កើតសហគមន៍រួមវាសនានៃការអភិវឌ្ឍសកល ។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលត្រូវបានអនុវត្តជាក់ស្តែងរួចហើយ មានប្រទេសជាង១០០និងអង្គការអន្តរជាតិជាច្រើនបានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយប្រទេសចំនួនជាង៦០បានចូលក្នុង “ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាការរួមចំណែកមួយទៀតរបស់ចិនដើម្បីដោះស្រាយបញ្ហាពិបាកអំពីការអភិវឌ្ឍសកល ហើយក៏បានផ្តល់ “ម៉ាស៊ីនពន្លឿន”ដល់ការជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិផងដែរ ។

  អភិវឌ្ឍខ្លួនឯងក្នុងការគាំពារសន្តិភាពពិភពលោក ហើយគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួមឱ្យបានកាន់តែល្អប្រសើរតាមរយៈការអភិវឌ្ឍរបស់ខ្លួនឯង នេះគឺជាផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពដែលប្រទេសចិនបានដើរ ។ ក្នុងដំណើរកសាងប្រទេសទំនើបដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិននឹងបន្តអភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ផលប្រយោជន៍និងសុខសុភមង្គលដល់ពិភពលោក ។ ហើយពិភពលោកក៏នឹងបន្តធ្វើជាសក្សីនៃការដែល “បក្សកុម្មុយនីស្តចិនជាបក្សស្វែងរកសុភមង្គលជូនប្រជាជនចិន ហើយក៏ជាបក្សដែលតស៊ូព្យាយាម ដើម្បីបុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ” ៕

បទវិភាគ៖តាំងពីដើមមក ប្រទេសចិនដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពគឺជាឱកាសរបស់ពិភពលោក