បទវិភាគ៖ការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាឆ្នាំ ២០២២ និយាយទេចំពោះការលាបពណ៌ដោយចេតនាអាក្រក់របស់លោកខាងលិច!
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាឆ្នាំ ២០២២ ដែលទទួលការចាប់អារម្មណ៍យ៉ាងទួលំទូលាយពីសំណាក់អ្នកចូលចិត្តកីឡាបាល់ទាត់នឹងធ្វើឡើងនៅសប្តាហ៍នេះ ។ ប្រព័ន្ធសារព័ត៌មានមួយចំនួនបានធ្វើការអត្ថាធិប្បាយថា ទីបំផុត ប្រព័ន្ធសារព័ត៌មានលោកខាងលិចបានផ្តោតសំខាន់ទៅលើការប្រកួតហើយ ។ ប្រាកដណាស់ ក្នុងរយៈពេលជាងកន្លះខែមក ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដូចជាប្រព័ន្ធសារព័ត៌មាន CNN និងកាសែត《The Washington Post》របស់អាមេរិកជាដើមបានចោទជាមន្ទិលសង្ស័យជាបន្តបន្ទាប់ចំពោះអ្វីដែលហៅថា បញ្ហាពលកររបស់ប្រទេសកាតា ចំណែកក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសBBC បានបដិសេធមិនព្រមផ្សាយបន្តផ្ទាល់ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតា ។ល។
ប្រព័ន្ធសារព័ត៌មានលោកខាងលិចទាំងនេះដែលតែងតែឃោសនាបំប៉ាងពីអ្វីដែលហៅថា "សត្យានុម័តនិងអព្យាក្រឹត" មិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់កាតាក្នុងការរៀបចំការប្រកួតបាល់ទាត់ពានពិភពលោក ក៏ដូចជាមិនអើពើនឹងកម្លាំងសាមគ្គីគ្នានិងខិតខំប្រឹងប្រែងដែលនាំមកដោយកីឡាបាល់ទាត់ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ ។ ផ្ទុយទៅវិញ ពួកគេកាន់ដំបងធំដែលធ្វើឱ្យកិច្ចការកីឡាទៅជាបញ្ហានយោបាយ ហើយបានឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងអ្នកចូលចិត្តកីឡាទូទាំងពិភពលោក ។
សូមបញ្ជាក់ថា កាតាគឺជាប្រទេសអារ៉ាប់ដំបូងគេបង្អស់ដែលរៀបចំការប្រកួតកីឡាបាល់ទាត់ពានពិភពលោក ។ យ៉ាងណាមិញ ចាប់តាំងពីខណៈពេលដែលស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់ពានពិភពលោកមក កាតាក៏បានទទួលរងការរិះគន់ដោយគ្មានហេតុផលពីលោកខាងលិច ។ ទោះបីជារដ្ឋាភិបាលកាតាបានធ្វើការបំភ្លឺការពិតជាច្រើនលើកក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួននៅតែធ្វើដូចជាមិនឮមិនឃើញដដែល ។
គួររំលឹកថា ក្នុងប្រវត្តិសាស្ត្រកីឡាពិភពលោក ឧទាហរណ៍ស្រដៀងគ្នាបែបនេះមិនមែនកម្រមាននោះទេ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Sochi ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតា។ល។ ការសម្តែងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចគឺស្ទើរតែដូចគ្នា នៅពីក្រោយពួកគេគឺទស្សនៈលំអៀងខាងមនោគមវិជ្ជានិងការរើសអើងពូជសាសន៍ចំពោះពិភពមិនមែនលោកខាងលិច ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់ខ្លួនជាយូរណាស់មកហើយ ។
លោក Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតាបានថ្កោលទោសថា ការរិះគន់របស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចគឺជា"ការលាក់ពុត" ។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេងMSNBCរបស់អាមេរិកបានចេញផ្សាយអត្ថបទថា បើនិយាយចំពោះលោកខាងលិច ការដែលមិនអាចទទួលយកភាពខ្លាំងក្លារបស់ជនជាតិផ្សេងទៀតគឺជារឿងគួរឱ្យសង្វេគ ហើយក៏ជាសញ្ញាកត់សម្គាល់ថា ខ្លួនបានដើរទៅកាន់ភាពថមថយចុះផងដែរ ។
អ្នកផងទាំងពួងចង់សួរថា ប្រសិនបើសហរដ្ឋអាមេរិកនិងលោកខាងលិចយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះសិទ្ធិមនុស្ស ដូចជាសិទ្ធិនិងផលប្រយោជន៍របស់ពលករជាដើមនៃប្រទេសអារ៉ាប់ នោះ ហេតុអ្វីបានជាពួកគេបានបំផុសសង្គ្រាមនិងបង្កគ្រោះមហន្តរាយខាងមនុស្សធម៌យ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ាជាបន្យបន្ទាប់ ? សូមយកសង្គ្រាមអ៊ីរ៉ាក់ធ្វើជាឧទាហរណ៍ តាមស្ថិតិឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២១ សង្រ្គាមអ៊ីរ៉ាក់បានបណ្តាលឱ្យជនសាមញ្ញប្រហែល ២០ ម៉ឺន ៩ ពាន់នាក់ស្លាប់បាត់បង់ជីវិត ហើយប្រជាជនអ៊ីរ៉ាក់ចំនួន៩២០ ម៉ឺននាក់បានធ្លាក់ខ្លួនទៅជាជនភៀសខ្លួនឬត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ខ្លួន ។
គួរបញ្ជាក់ថា ការដែលប្រទេសកាតារៀបចំដោយជោគជ័យនូវការប្រកួតកីឡាលំដាប់កំពូលរបស់ពិភពលោកលើកនេះបាននាំមកនូវភាពសប្បាយរីករាយនិងភាពអស្ចារ្យជូនដល់ពិភពលោកទាំងមូល ប្រការនេះជាសមិទ្ធផលដ៏អស្ចារ្យមួយ ។ ជាងនេះទៅទៀត ការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាបានធ្វើឱ្យពិភពលោកអាចមើលឃើញប្រទេសអារ៉ាប់ដ៏ពិតប្រាកដនិងសម្បូរបែប ក៏ដូចជាបានបំពេញបន្ថែមថាមពលវិជ្ជមានដល់ពិភពលោកនាពេលបច្ចុប្បន្នដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ។
សូមឲ្យបញ្ហាកីឡាត្រឡប់ទៅរកក្របខណ្ឌកីឡាវិញ ការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាមិនស្វាគមន៍"អ្នកគាំពារសិទ្ធិមនុស្ស"លោកខាងលិចទេ ។ រាល់សំឡេងរំខាននិងឧបសគ្គនឹងមិនរារាំងដល់កម្លាំងទាក់ទាញនៃកីឡាបាល់ទាត់នោះទេ ហើយមុខជានឹងផ្ទុយពីគោលបំណងរបស់ពួកគេនិងទទួលបរាជ័យទាំងស្រុងជាក់ជាមិនខាន ៕