បទវិភាគ៖កិច្ចព្រមព្រៀងដែលមានតម្លៃជាក់ស្តែង នឹងចង្អុលបង្ហាញទិសដៅអភិបាលកិច្ចលើវិស័យជីវចម្រុះសកល

2022-12-21 17:45:04
ប្រភព:CRI

នៅក្រុងmontreal ប្រទេសកាណាដា ពេលវេលាប្រហែលម៉ោង៣ព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ តាមម៉ោងក្នុងតំបន់   “ក្របខណ្ឌជីវចម្រុះសកលក្រុងគុនមីង-ក្រុងmontreal”ទទួលបានអនុម័តក្នុងមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ ។

ក្នុងបរិបទដែលជីវចម្រុះសកលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ មជ្ឈដ្ឋានមតិសាធារណៈសម្គាល់ជាទូទៅថា  “ក្របខណ្ឌ” ដែលមានតម្លៃជាក់ស្តែងនេះ ហាក់ដូចជា «កិច្ចព្រមព្រៀងក្រុងប៉ារីស»លើវិស័យអភិរក្សធម្មជាតិ  ដែលបានកំណត់គោលដៅនិងផ្លូវយ៉ាងច្បាស់លាស់សម្រាប់អភិបាលកិច្ចជីវចម្រុះសកលពីបច្ចុប្បន្នដល់ឆ្នាំ២០៣០ និងរយៈពេលកាន់តែយូរ ។

“ក្របខណ្ឌ” មួយច្បាប់នេះមានតុល្យភាព និងឆន្ទៈយ៉ាងមុតមាំ ព្រមទាំងការអនុវត្តជាក់ស្តែង សរុបបូករួមទាំងគោលដៅជាក់ស្តែងចំនួន២៣ផងដែរ ។ ក្នុងនោះ គោលដៅសំខាន់បំផុតនិងមាននិមិត្តសញ្ញាជាងគេ គឺបានសន្យាថា ដល់ឆ្នាំ២០៣០ អភិរក្សដីគោក លំហទឹកក្នុងដីគោកនិងសមុទ្រ យ៉ាងហោចណាស់ ៣០ភាគរយរបស់ផែនដី ។ ហេតុអ្វីបានជាកំណត់៣០ភាគរយ ? នេះគឺដោយមកពី៣០ភាគរយ ត្រូវគេចាត់ទុកថា ជាអត្រាទំហំតំបន់ធម្មជាតិតិចបំផុតសម្រាប់ឱ្យមនុស្សជាតិរស់នៅនិងធ្វើការអភិវឌ្ឍ ។ អ្នកវិភាគយល់ឃើញថា ការកំណត់គោលដៅនេះ  បានបង្ហាញឱ្យឃើញនូវឆន្ទៈយ៉ាងមុតមាំរបស់បណ្តាប្រទេសនានាលើវិស័យអភិបាលជីវចម្រុះសកលផង ហើយក៏មានខ្លឹមសារជាក់ស្តែងនិងមានភាពងាយស្រួលក្នុងការអនុវត្តទៀតផង ។

ការសម្របសម្រួលថវិកា ជាគោលដៅសំខាន់មួយទៀតរបស់ “ក្របខណ្ឌ”  ហើយក៏ត្រូវគេចាត់ទុកជាគន្លឹះរបស់ “ក្របខណ្ឌ”សម្រាប់អនុវត្តគោលដៅផ្សេងទៀត ។   “ក្របខណ្ឌ” បានលើកឡើងថា ដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំនឹងប្រើប្រាស់ថវិកាយ៉ាងហោចណាស់ ២សែនលានដុល្លារអាមេរិក សម្រាប់អនុវត្តយុទ្ធសាស្ត្រនិងផែនការប្រតិបតិ្តជីវចម្រុះរបស់ប្រទេសជាតិ ។ ក្នុងនោះ ក៏បូករួមទាំង មុននឹងឆ្នាំ២០២៥ ជារៀងរាល់ឆ្នាំ ប្រទេសអភិវឌ្ឍន៍ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ២ម៉ឺនលានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ មុននឹងឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ៣ម៉ឺនលានដុល្លារអាមេរិក ។ បើសិនជាពាក្យសន្យាទាំងនេះអាចអនុវត្តបាន នោះនឹងបំពេញការខ្វះខាតថវិកាដោយប្រសិទ្ធភាព និងផ្តល់ការធានាយ៉ាងខ្លាំងដល់ការអភិរក្សជីវចម្រុះសកលផងដែរ ។

លទ្ធផលជាផ្លែផ្កាគួរឱ្យលើកទឹកចិត្ត តែដំណើរការគឺប្រកបដោយភាពលំបាក ។ ដោយមកពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍មានការយល់ដឹងខុសគ្នាចំពោះទំនួលខុសត្រូវ សិទ្ធិនិងផលប្រយោជន៍លើវិស័យអភិរក្សជីវចម្រុះ ហើយចំណេះដឹង ប្រាក់ទុននិងសមត្ថភាពក៏ខុសគ្នាដែរ បានជាក្នុងកិច្ចប្រជុំបានកើតមានការខ្វែងគំនិតយ៉ាងខ្លាំង ។ ក្នុងគ្រាគន្លឹះ ក្នុងនាមជាប្រធាននៃCOP15  ប្រទេសចិនបានដើរតួនាទីណែនាំក្នុងការសម្របសម្រួលបណ្តាភាគីនានា និងជំរុញដំណើរការកិច្ចប្រជុំ ។

បើសិនជាប្រៀបការអភិរក្សជីវចម្រុះសកល ជាការសាងសង់អគារខ្ពស់ នោះបច្ចុប្បន្ននេះ មនុស្សជាតិយើងមានប្លង់វិស្វកម្មដែលមានខ្លឹមសារយ៉ាងលម្អិតរួចហើយ ។ មានតែធ្វើវិស្វកម្មតាមប្លង់ ទើបអាចសម្រេចបាននូវទស្សនទាន “ដល់ឆ្នាំ២០៥០ រួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ” ។ ជាបន្តទៀត បណ្តាភាគីនានាមិនត្រឹមតែត្រូវរក្សាឆន្ទៈនយោបាយយ៉ាងមុតមាំប៉ុណ្ណោះទេ ថែមទាំងត្រូវបង្ហាញឱ្យឃើញនូវកម្លាំងប្រតិបតិ្តទៀតផង ៕

បទវិភាគ៖កិច្ចព្រមព្រៀងដែលមានតម្លៃជាក់ស្តែង នឹងចង្អុលបង្ហាញទិសដៅអភិបាលកិច្ចលើវិស័យជីវចម្រុះសកល