រថភ្លើងទេសចរណ៍ប្រណីតនៃប្រទេសចិនមានរូបរាងស្អាត និងប្រធានបទគ្រប់បែបយ៉ាង

2022-11-03 16:03:26
ប្រភព:គេហទំព័រយើងសង្ខេបពីកាសែតការិយាល័យរលកទឹក កាសែត“ហូលួនបីអឺ”និងWorld Wide Web




ការដំណើរទេសចរណ៍ដោយការជិះរថភ្លើងគឺជាភាពរ៉ូមែនទិចមួយ។ បច្ចុប្បន្ន ប្រទេសចិនបានបើករថភ្លើងទេសចរណ៍ប្រណីតដោយមានប្រធានបទពិសេសជាច្រើនគ្រឿង ដែលបានទទួលពេញនិយមពីភ្ញៀវទេសចរ។ ឧទាហរណ៍ នៅលើរថភ្លើងទេសចរណ៍ពិសេសក្នុងប្រធានបទសត្វខ្លាឃុំផែនដា ភ្ញៀវទេសចរមានអារម្មណ៍ស្រណុកស្រួលដោយបានបរិភោគស៊ុបឆ្នាំងភ្លើង និងលេងម៉ាជាំង។ នៅខែមិថុនាឆ្នាំនេះ រថភ្លើងទេសចរណ៍ពិសេសឈ្មោះ “ហូលួនបីអឺ”ដែលចេញដំណើរម្តងត្រូវប្រើពេល ៥ថ្ងៃ បានចាប់ផ្តើមដំណើរការឡើងវិញ នៅរដូវទេសចរណ៍ក្នុងខែកក្កដា និងខែសីហា បន្ទាប់ពីចាប់ផ្តើមលក់សំបុត្ររថភ្លើង ត្រឹមតែចំណាយកន្លះខែបានលក់សំបុត្រអស់ចេញ​។

រថភ្លើងពិសេស“ហូលួនបីអឺ”ត្រូវបានកែច្នៃថ្មីពីរថភ្លើងចាស់ រូបរាងនៅពីខាងក្រៅមិនខុសពីរថភ្លើងផ្សេងទេ។ ប៉ុន្តែ នៅក្នុងរថភ្លើងបានបង្កើតបរិយាកាសលក្ខណៈបុរាណដោយគ្រឿងតុបតែងគ្រប់បែបយ៉ាង។ រថភ្លើងពិសេសនេះរួមបញ្ចូលនូវការគយគន់ទេសភាព ការផ្តល់ម្ហូបអាហារ ការស្នាក់នៅ ការបំពេញសំណូមពរឯកជន និងការលេងកម្សាន្តក្នុងរថភ្លើង ឬនៅលើអ៊ីនធើណែត ដើម្បីបំពេញតម្រូវការគ្រប់បែបយ៉ាងរបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។

  

  

រថភ្លើងពិសេសនេះអាចដឹកភ្ញៀវទេសចរជាង ២០០ នាក់ ចំពោះតួរថភ្លើងបានចែកជា ១០ ប្រភេទ មានដូចជាតួរថភ្លើងធុរកិច្ច តួរថភ្លើងកុមារ តួរថភ្លើងពហុមុខងារ តួរថភ្លើងលេងកម្សាន្ត តួរថភ្លើងអាហារពិសេសលក្ខណៈជនជាតិ និងតួរថភ្លើងទំនាក់ទំនងវប្បធម៌។ ភ្លើងក្នុងរថភ្លើងពិសេសនេះបានដំឡើងភ្លើង LED  ដែលមានលក្ខណៈកាបូនទាប និងអាចការពារបរិស្ថានផងដែរ ក្រៅពីនេះ រថភ្លើងនេះបានរៀបចំបន្ទប់ឯកជនធំ បន្ទប់ទឹកងូតទឹកឯករាក្យ និងកៅអីប្រណីត​។ ក្នុងបន្ទប់គេងមានបង្អួចធំៗ ជាង ៩០ អ៊ីញសម្រាប់គយគន់ទេសភាព។ ក្នុងដំណើរនេះភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពដូចជាវាលស្មៅដ៏ធំទូលាយ ឧទ្យានព្រៃជាតិភ្នំអ៉ាអឺសានជាដើម ហើយអាចទៅស្វែងរកពីទំនៀមទម្លាប់ប្រពៃណី និងម្ហូបអាហារពិសេសនៅនឹងកន្លែង។

  

ឆ្នាំក្រោយ រថភ្លើងទេសចរណ៍គយគន់ទេសភាពព្រៃភ្នំគ្រប់វិស័យជាគ្រឿងដំបូងរបស់ទូទាំងសកលលោក នឹងបង្ហាញមុខនៅក្រុងលីចាំង ខេត្តយូណាននៃប្រទេសចិន ខណៈពេលនោះ ភ្ញៀវទេសចរអាចទៅលេងកម្សាន្តនៅភ្នំព្រិល ជ្រលងភ្នំ បឹង និងឃុំបុរាណ៕

ប្រភព៖គេហទំព័រយើងសង្ខេបពីកាសែតការិយាល័យរលកទឹក កាសែត“ហូលួនបីអឺ”និងWorld Wide Web

អ្នកបកប្រែ៖ 李吒

រថភ្លើងទេសចរណ៍ប្រណីតនៃប្រទេសចិនមានរូបរាងស្អាត និងប្រធានបទគ្រប់បែបយ៉ាង