សត្វក្រៀលប្រផេះមកដល់ស្រុកឆាំងនីងដែលមាននាមជា"ទីក្រុងអ័ព្ទ"ក្នុងខេត្តយូណាន ដើម្បីឆ្លងកាត់រដូវរងា

2022-12-05 17:49:36
ប្រភព:ស៊ីនហួចិន

ក្រោយពីកូនរដូវលីតុង ហ្វូងសត្វក្រៀលប្រផេះ (Common Crane) បានហោះហើរទៅកាន់​ស្រុកឆាំងនីង​​ដែលមាននាមជា"ទីក្រុងអ័ព្ទ"ក្នុងខេត្តយូណាននៃប្រទេសចិន ដើម្បីស្វែងរកចំណីអាហារ និងឆ្លងកាត់រដូវរងា។

នៅពេលព្រឹក សត្វក្រៀលប្រផេះហើរមករកចំណី និងរាំលេងក្នុងអ័ព្ទពណ៌ស ជាមួយនឹង​ទេសភាព​​ក្នុងតំបន់ជនបទដ៏ស្រស់ស្អាត ដែលបានបង្កើតជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងកម្ររកឃើញ។

សត្វក្រៀលប្រផេះ គឺជាសត្វស្លាបដ៏ធំមួយប្រភេទ និងជាសត្វព្រៃការពារដ៏សំខាន់ថ្នាក់ជាតិទីពីរ​នៅក្នុងប្រទេសចិន។ រោមខ្លួនមានពណ៌ប្រផេះ ផ្នែកខាងមុខ និងខាងក្រោយក្បាល​ជាពណ៌​ខ្មៅ កណ្តាល​ក្បាលពណ៌ជាក្រហម ថ្ពាល់ទៅទាំងសងខាងកញ្ចឹងកជាពណ៌ប្រផេះនិងស ចំពុះមើលទៅ​ដូច​កាំបិតតូច ក និងជើងវែង ហើយស្ដើង មើលទៅស្អាតឆើតឆាយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកឆាំងនីងបានជំរុញគម្រោងការពារអេកូឡូស៊ីយ៉ាងខ្លាំងក្លា ហើយប្រភេទសត្វព្រៃ និងរុក្ខជាតិកម្រមានកាន់តែច្រើន ហើយសត្វស្លាបដែលធ្វើចំណាកស្រុក​កាន់តែ​ច្រើន​ឡើងៗបានចាប់ផ្តើមហោះហើរទៅកាន់ស្រុកឆាំងនីងដើម្បីឆ្លងកាត់រដូវរងា៕

អ្នកសារព័ត៌មាន ៖ ហឺ ឈួនហៅ

អ្នកបកប្រែ ៖ Shen Yan

សត្វក្រៀលប្រផេះមកដល់ស្រុកឆាំងនីងដែលមាននាមជា"ទីក្រុងអ័ព្ទ"ក្នុងខេត្តយូណាន ដើម្បីឆ្លងកាត់រដូវរងា