អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដាក់ឱ្យដំណើរការ

2023-10-16 19:16:30
ប្រភព:Lanmei Party(LMP)

នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានចាប់ដំណើរការដោយទទួលជើងហោះហើរទី ១ ដែលចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះថ្មីនេះ។ នេះជានិមិត្តសញ្ញាដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររបស់ប្រទេសកម្ពុជាចាប់ផ្តើមដំណើរការ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានរៀបចំពិធីដ៏អធិកអធម ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយ​ឧ​ត្ត​មសេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិលកម្ពុជា​។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្ត្រីរាជការដែលមកពី រដ្ឋបាលកម្ពុជាព្រមទាំងតំណាងការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំកម្ពុជា រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក្រុមហ៊ុនវិនិយោគដូចជាក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group)និងក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) ស្ថាប័នដែលចូលរួមការសាងសង់ និងសមាគមទេសចរណ៍កម្ពុជា សរុបជិត ៤០០ នាក់ បានចូលរួមក្នុងពិធីចាប់ដំណើរការនេះ។

នៅថ្ងៃដដែលនោះ ជើងហោះហើរទី ១ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ បាងកក ដែលហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃ មកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានរៀបចំពីធីបាញ់ទឹកដើម្បីទទួលស្វាគមន៍ជើងហោះហើរទី ១ នេះ។ ឯកឧត្តម វង្សី វិស្សុតឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ឯកឧត្តម សុខ សូកេនឯកឧត្តម ប្រាក់ សោភ័ណ លោក យីន ស៊ឺជួន និងភ្ញៀវកិត្តិយសដែលមកពីស្ថាប័ននានា បានទៅទទួលស្វាគមន៍អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះដោយផ្ទាល់ ព្រមទាំងជូនផ្កាស្រស់ដើម្បីសម្តែងនូវសេចក្តីជូនពរដ៏ល្អបវរ។ នៅពេលបើកទ្វារយន្តហោះ អ្នកដំណើរបានដើរចុះពីលើយន្តហោះដោយមានភាពសប្បាយរីករាយ និងបានឃើញសិល្បករខ្មែររាំរបាំអប្សរាដែលប្រកបដោយភាពទាក់ទាញនៃសិល្បៈប្រពៃណីខ្មែរ។ ពួកគេថតរូបជាអនុស្សាវរីយ៍នៅព្រលានយន្តហោះទំនើបនេះ និងបានបញ្ចេញស្នាមញញឹមគ្រប់ៗគ្នា។

 

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរៀបនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ហើយជាអាកាសយានដ្ឋានអន្តរជាតិខ្នាតធំដែលជាគម្រោងអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ អាកាសយានដ្ឋាននេះជាអាកាសយានដ្ឋានខ្នាត ៤E ដែលអាចទទួលបានអ្នកដំណើរ ៧ លាននាក់ក្នុងមួយឆ្នាំ។ អគារអ្នកដំណើរមានទំហំសាងសង់ ៨,១៨ ម៉ឺនម៉ែត្រការ៉េ និងផ្លូវហោះហើរប្រវែង ៣៦០០ ម៉ែត្រ ហើយយន្តហោះខ្នាតធំអាចហោះឡើង និងចុះចតនៅព្រលានយន្តហោះនេះបាន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាអាកាសយានដ្ឋានអន្តរជាតិទី ១ ដែលក្រុមហ៊ុនចិនវិនិយោគ និងសាងសង់តាមរបៀប "BOT" នៅក្រៅប្រទេស ដែលបណ្តាក់ទុនវិនិយោគដោយក្រុមហ៊ុនវិនិយោគខេត្តយូណាន គ្រុប និងសាងសង់ដោយក្រុមហ៊ុនវិនិយោគសំណង់ខេត្តយូណាន គ្រុប ហើយប្រតិបត្តិការ និងគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគគម្រោងអាកាសចរណ៍ខេត្តយូណាន គ្រុប។ អាកាសយានដ្ឋានសៀមរាបអង្គរត្រូវបានសាងសង់តាមទស្សនទាន“សមាហរណកម្ម”ក្នុងការឌីហ្សាញ ដែលបានធ្វើការគូរប្លង់ជាទូទៅចំពោះប្រព័ន្ធគមនាគមន៍ និងទស្សនីយភាពនៅបរិវេណជុំវិញអាកាសយានដ្ឋាន ដើម្បីធានាឱ្យព្រលានយន្តហោះស៊ីសង្វាក់គ្នាទៅនឹងតំបន់ជុំវិញ។ អគារអ្នកដំណើរត្រូវបានសាងសង់តាមរចនាបថសំណង់បែបប្រពៃណីខ្មែរ ដែលមានសំណង់រាងដូចប្រាង្គប្រាសាទខ្ពស់នៅតំបន់អង្គរ សម្រាប់ជានិមិត្តសញ្ញានៃអគារអ្នកដំណើរនេះ។ អគារអ្នកដំណើរនេះត្រូវបានសង់ឡើងតាមគ្រោងដែកថែប និងមធ្យោបាយបែបឌីជីថល ដែលបានកាត់បន្ថយនូវរយៈពេលនៃការសាងសង់ និងសម្រេចនូវការសាងសង់តាមគំនិតនិងផែនការឌីហ្សាញ។ អគារអ្នកដំណើរមានរូបរាងស្រស់ស្អាត និងមុខងារគ្រប់គ្រាន់ដែលអាចផ្តល់សេវាកម្មដែលប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់អ្នកដំណើរមកពីគ្រប់ទិសទីលើពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអាចជៀសវាងនូវការប៉ះពាល់ពីការហោះឡើង និងចុះចតរបស់យន្តហោះចំពោះប្រាសាទបុរាណក្នុងតំបន់អង្គរ ដែលនឹងអាចរួមចំណែកក្នុងការអភិរក្សតំបន់អង្គរដែលជាបេតិកភណ្ឌដ៏សំខាន់របស់ពិភពលោក ព្រមទាំងនឹងអាចលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលក្នុងប្រទេសកម្ពុជា និងបំពេញតម្រូវការនៃការដឹកជញ្ជូនតាមផ្លូវអាកាស ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាប្រាសាទអង្គរវត្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

 

 

នាពេលខាងមុខ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងបន្តផ្តល់សេវាកម្មកាន់តែពេញលក្ខណៈ កែសម្រួលបណ្តាញផ្លូវអាកាសចរណ៍ និងជំរុញការតភ្ជាប់ក្រុងសៀមរាបទៅនឹងទីក្រុងធំៗលើពិភពលោកតាមផ្លូវអាកាស ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក៕

អ្នកសារព័ត៌មាន ៖ Shen Yan Li Zha

អ្នក​បកប្រែ ៖ Li Xuanzhi

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដាក់ឱ្យដំណើរការ