មិត្តបរទេសចូលចិត្តជីវិតបែបភូអឺនៃ "ការផឹកកាហ្វេពេលព្រឹក និងផឹកតែពេលល្ងាច"

2023-10-18 16:57:41
ប្រភព:កាសែតយូណានដេលី


"ការផឹកកាហ្វេពេលព្រឹក និងផឹកតែពេលល្ងាច" គឺជារបៀបរស់នៅរបស់ប្រជាជនភូអឺ ដែលជាបទពិសោធន៍ជីវិតដ៏រីករាយ សម្រាកកាយ និងផាសុកភាព។ ក្រុងភូអឺ ខេត្តយូណាននៃប្រទេសចិនមានបរិស្ថានអេកូឡូស៊ីដ៏ល្អ និងមានវប្បធម៌តែនិងកាហ្វេដ៏សម្បូរបែប។ នាបច្ចុប្បន្ននេះ មានមនុស្សកាន់តែច្រើនចូលចិត្តក្រុងភូអឺ ចូលចិត្តជីវិតបែបភូអឺ និងចូលចិត្ត”ផឹកកាហ្វេពេលព្រឹក និងផឹកតែពេលល្ងាច"។

 


លោក SUHAIL ASAD  ​មក​ពី​ប៉ាគីស្ថាន ​បាន​មក​រស់​នៅ​ក្នុង​ខេត្ត​យូណាន​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតកាលពីឆ្នាំមុន លោកបានមកដល់វិទ្យាស្ថានភូអឺ ដើម្បីចាប់ផ្តើមអាជីពជាគ្រូបង្រៀនរបស់លោក។ លោកបានប្រាប់អ្នកកាសែតថា "ក្រុងភូអឺគឺជាកន្លែងដ៏ល្អសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ខ្ញុំ។ អាកាសធាតុនៅទីនេះមានការផ្លាស់ប្តូរជាក់ស្តែង និងមានដំណាំ រុក្ខជាតិ សត្វ និងពពួកអតិសុខុមប្រាណជាច្រើនប្រភេទ"។ មិនតែប៉ុណ្ណោះ សម្រាប់លោក SUHAIL ASADក្រុងភូអឺក៏ជាកន្លែងដ៏ល្អសម្រាប់ជីវិតផងដែរ លោកបានបន្ថែមថា  "លក្ខណៈពិសេសដ៏ធំបំផុតនៃអាហារចិនគឺរសជាតិចម្រុះរបស់វា។ នៅទីនេះមានអាហារ និងរសជាតិទាំងអស់ដែលខ្ញុំចូលចិត្ត។ ខ្ញុំបានរៀនជំនាញរសជាតិតែ និងកាហ្វេនៅទីនេះ។ ហើយតែ និងកាហ្វេផលិតក្នុងក្រុងភូអឺបានក្លាយជាភេសជ្ជៈដែលខ្ញុំចូលចិត្ត។ ខ្ញុំក៏នាំយកកាហ្វេ និងតែជាកាដូជូនមិត្តភក្តិរបស់ខ្ញុំមកពីប្រទេសស្រីលង្កា ថៃ និងប៉ាគីស្ថានជាដើម។


លោក KHOUNSAVATH PHETSAMONE មកពីប្រទេសឡាវ ឆ្នាំនេះគឺឆ្នាំទីពីរដែលលោកចូលធ្វើជាគ្រូបង្រៀននៅក្រុងភូអឺ។ លោកបាននិយាយថា "ខ្ញុំចូលចិត្តជីវភាពរស់នៅក្រុងភូអឺ ចូលចិត្តអាហារនិងរបៀបរស់នៅ ‘ដៃឆ្វេងកាន់កាហ្វេ និងដៃស្តាំកាន់តែ’។ កាលពីមុន ក្នុងគំនិតរបស់ខ្ញុំ តែជាភេសជ្ជៈដ៏ជូរចត់ ប៉ុន្តែក្រោយមក ខ្ញុំចូលចិត្តរសជាតិតែភូអឺដែលបន្សល់នូវរសជាតិផ្អែមនៅក្នុងមាត់របស់ខ្ញុំ"។ បន្ទាប់ពីការបើកដំណើរការផ្លូវរថភ្លើងចិន-ឡាវ ការធ្វើដំណើររបស់អ្នកដំណើររវាងឡាវ និងចិនកាន់តែងាយស្រួល។ លោកបន្តទៀតថា "ការធ្វើដំណើរពីទីក្រុងវៀងច័ន្ទទៅកាន់ទីក្រុងភូអឺមានភាពងាយស្រួលតាមផ្លូវរថភ្លើងចិន-ឡាវ មិនតែប៉ុណ្ណោះ ផ្លូវរថភ្លើងចិន-ឡាវក៏បានបង្កើតឱកាសថ្មីសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរបុគ្គលិករវាងឡាវ និងចិនផងដែរ"។ លោកមានសេចក្តីសង្ឃឹមថា មនុស្សកាន់តែច្រើនមកពីប្រទេសអាស៊ីអាគ្នេយ៍ស្វែងយល់ពីក្រុងភូអឺ មកចាប់អារម្មណ៍ជីវិតបែបភូអឺ និងជំរុញភូអឺដើរឆ្ពោះទៅកាន់ពិភពលោក៕

អ្នកសារព័ត៌មាន ៖ Li Zha   Li Ling

អ្នកបកប្រែ ៖ Shen Yan

មិត្តបរទេសចូលចិត្តជីវិតបែបភូអឺនៃ "ការផឹកកាហ្វេពេលព្រឹក និងផឹកតែពេលល្ងាច"