រថភ្លើងចិន-ឡាវបានដឹកអ្នកដំណើរសរុបជាង ៩ លាននាក់
យោងតាមដំណឹងពីក្រុមហ៊ុនគុនមីញផ្លូវដែកចិន គ្រុប គិតដល់ថ្ងៃទី ៥ ខែមករា រថភ្លើងចិន-ឡាវបានដឹកអ្នកដំណើរសរុបជាង ៩ លាននាក់។ ក្នុងនោះ រថភ្លើងនៅក្នុងចិនបានដឹកអ្នកដំណើរ ៧,៥៤ លាននាក់ រថភ្លើងនៅក្នុងឡាវបានដឹកអ្នកដំណើរ ១,៤៦ លាននាក់។
ក្រោយពីចូលដល់ឆ្នាំ២០២៣ អ្នកដំណើរជិះរថភ្លើងចិន-ឡាវមានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានដឹកអ្នកដំណើរប្រចាំថ្ងៃជាមធ្យមដល់ ២៩ ពាន់នាក់ ហើយបរិមាណនៃការដឹកអ្នកដំណើរបានកើនឡើង១០០%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរ រថភ្លើងចិន-ឡាវក្នុងចិនបានបន្ថែមបើករថភ្លើងតាមស្ថានភាពជាក់ស្តែង នឹងបើករថភ្លើងប្រចាំថ្ងៃជាមធ្យមចំនួន ២០ គូ។ ចំណែកឯបរិមាណនៃការដឹកអ្នកដំណើរក្នុងប្រទេសឡាវក៏ទទួលបានកំណើនជាបន្តបន្ទាប់ដែរ ជារៀងរាល់ថ្ងៃ រថភ្លើងបានបើកពី ២ គូបន្ថែមដល់ ៥ គូនៅពេលច្រើនបំផុត ដែលអាចដឹកអ្នកដំណើរចំនួនជាង ៦០០០ នាក់ជាមធ្យមក្នុងមួយថ្ងៃ។
រថភ្លើងចិន-ឡាវត្រូវបានបើកឱ្យដំណើរការទាំងស្រុងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ ខ្សែរថភ្លើងនេះចាប់ផ្តើមពីទីក្រុងគុនមីញ ប្រទេសចិន នៅភាគខាងជើង និងបញ្ចប់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅភាគខាងត្បូង ដែលមានប្រវែងសរុបជាង ១០០០ គីឡូម៉ែត្រ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការបម្រើដល់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕
អ្នកសារព័ត៌មាន៖ Ding Yiquan
អ្នកបកប្រែ៖ Li Zha