RCEP ចូលជាធរមានក្នុងប្រទេសឥណ្ឌូនេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងឥណ្ឌូនេស៊ីនឹងទទួលឧត្តមានុភាពថ្មី

2023-01-07 22:52:26
ប្រភព:កាសែតCCTV

យោងតាមដំណឹងពីក្រសួងពាណិជ្ជកម្មចិន "កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់" (RCEP) បានចូលជាធរមានសម្រាប់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២ ខែមករា។ រហូតមកដល់ពេលនេះ RCEP បានចូលជាធរមាននៅប្រទេសចំនួន ១៤ ក្នុងចំណោមប្រទេសសមាជិក RCEP ចំនួន១៥ ។

បន្ទាប់ពី RCEP ចូលជាធរមាននៅប្រទេសឥណ្ឌូនេស៊ី ប្រទេសចិន និងឥណ្ឌូនេស៊ីនឹងអនុវត្តអត្រាពន្ធលើកិច្ចព្រមព្រៀង RCEP ទៅវិញទៅមកស្របតាមការកំណត់នៃកិច្ចព្រមព្រៀង RCEP ។ ចាប់ពីថ្ងៃទី ២ ខែមករា ឥណ្ឌូណេស៊ីនឹងអនុវត្តភ្លាមនូវពន្ធសូន្យលើផលិតផល ៦៥.១%ដែលបានផលិតពីប្រទេសចិន ហើយចិនក៏នឹងអនុវត្តពន្ធសូន្យភ្លាមលើផលិតផល ៦៧.៩%ដែលបានផលិតពីឥណ្ឌូនេស៊ីផងដែរ។

ក្រោមក្របខ័ណ្ឌ RCEP ដោយឈរលើមូលដ្ឋាននៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ឥណ្ឌូនេស៊ីបានបន្ថែមការអនុគ្រោះពន្ធសូន្យដល់ផលិតផលជាង ៧០០ប្រភេទសម្រាប់ប្រទេសចិន រួមទាំងគ្រឿងបន្លាស់រថយន្ត ម៉ូតូ ទូរទស្សន៍ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលប្លាស្ទិកមួយចំនួនជាដើម។ ក្នុងចំណោមនោះ គ្រឿងបន្លាស់រថយន្តខ្លះ ម៉ូតូ និងសម្លៀកបំពាក់ខ្លះនឹងអនុវត្តពន្ធសូន្យភ្លាមចាប់ពីថ្ងៃទី ២ ខែមករា ហើយផលិតផលផ្សេងទៀតនឹងកាត់បន្ថយពន្ធជាបន្តបន្ទាប់មកដល់សូន្យក្នុងរយៈពេលអន្តរកាលជាក់លាក់។

ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ប្រទេសចិននឹងបើកចំហរទីផ្សារបន្ថែមទៀត ហើយកាត់បន្ថយពន្ធលើផលិតផលដូចជាទឹកម្នាស់អាហារកំប៉ុង ទឹកដូង ម្រេច ប្រេងម៉ាស៊ូត ផលិតផលក្រដាស គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មគីមីមួយចំនួន។។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ីជាដៃគូពាណិជ្ជកម្មធំជាងគេលើកទី ៣ ក្នុងអាស៊ានរបស់ចិន ដែលឈរក្រោយពីវៀតណាម និងម៉ាឡេស៊ី។ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌូនេស៊ី ក៏ជាទីផ្សារនាំចេញដ៏ធំបំផុត និងប្រភពនៃការនាំចូលដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី៕

អ្នកបកប្រែ៖ Li Zha

RCEP ចូលជាធរមានក្នុងប្រទេសឥណ្ឌូនេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងឥណ្ឌូនេស៊ីនឹងទទួលឧត្តមានុភាពថ្មី