សមិទ្ធផលស្ពាននិងផ្លូវដែលចិនជួយសាងសង់នៅកម្ពុជាបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សមិទ្ធផលស្ពាននិងផ្លូវដែលចិនបានជួយសាងសង់ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ជាពិសេសសមិទ្ធផលទាំងនេះបានកើតចេញពីនយោបាយខ្សែក្រវាត់និងផ្លូវ ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ស្ពានខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៨កន្លងទៅ ក្នុងកម្មវិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅសាកលវិទ្យាល័យក្នុងខេត្តក្រចេះ គឺសម្តេចបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះថា រាជរដ្ឋាភិបាលកំពុងស្វះស្វែងរកឥណទាន ពីមិត្តចិន ដើម្បីកសាងស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ ខណៈដែលការប្រកាសនៅពេលនោះ គឺនៅថ្ងៃនេះបានកើតចេញជារូបរាងហើយ ដោយត្រឹមតែមួយរយៈទៀតប៉ុណ្ណោះ ស្ពាននេះនឹងអាចដាក់ឱ្យប្រើប្រាស់ ដែលបានបង្កភាពងាយស្រួល ទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងអ្នកដែលមានផលប្រយោជន៍នៅក្នុងការប្រើប្រាស់ស្ពាននេះ ។
សម្តេចតេជោ មានប្រសាសន៍បន្តថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយផ្លូវតភ្ជាប់ និងគម្រោងផ្សេងៗជាច្រើនទៀតនេះ គឺជាយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា ដែលកើតចេញពីការរួមចំណែករបស់មិត្តចិន ។
សំឡេង៖ «ចំណុចនេះគឺចង្អុលបង្ហាញអំពីសាមគ្គីភាពជាច្រើន ដែលបានតភ្ជាប់ជាមួយសុន្ទរកថារបស់ឯកឧត្ដមវ៉ាងវិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានគូសបញ្ជាក់អំពីក្របខ័ណ្ឌមិត្តភាពរបស់យើង ហើយអំពីក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលកម្ពុជាបានគាំទ្រតាំងពីដើមទី ដែលអាចចាត់ទុកថា ជាសហស្ថាបនិកនៃការចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនេះ ហើយដែលកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលវាកំពុងតែជាជោគជ័យនៃនយោបាយការបរទេសរបស់ចិន និងអ្នកដែលចង់ចូលរួមចំណែកអភិវឌ្ឍប្រទេសរបស់ខ្លួន ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ផងដែរ» ។
សម្ដេចតេជោបានថ្លែងបន្ថែមថា នៅក្នុងឆ្នាំនេះ ក៏ជាខួបលើកទី៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ហើយសម្ដេចក៏នឹងកំពុងស្វះស្វែងរកឥណទានបន្ថែមពីមិត្តចិន ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតដែលបានដាក់គម្រោងជាបន្តបន្ទាប់ ធ្វើយ៉ាងណា សំដៅដោះស្រាយបញ្ហាឱ្យប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយហានិភ័យផ្សេងៗ និងផ្លាស់ប្តូរទំនិញទៅវិញទៅមក ៕