កម្ពុជាចិនប្រកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គតម្លៃជាង១១៤លានដុល្លារ
ក្រចេះ៖ ស្ពានឆ្លងទន្លេមេគង្គ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ។
ស្ពានឆ្លងទន្លេមេគង្គ ដែលស្ថិតក្នុងខេត្តក្រចេះនេះ បានប្រកាសបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ការដ្ឋានសាងសង់នេះ គ្រោងចំណាយថវិកាសរុបជាង ១១៤លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយបញ្ចប់នៅក្នុងឆ្នាំ២០២៦ ។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ដោយត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ៕