សមាគមអាកាសចរណ៍ចិន អំពាវនាវឱ្យប្រទេសពាក់ព័ន្ធ ដកការរឹតបន្តឹងការចូលព្រំដែនចំពោះអ្នកដំណើរចិន

2023-01-10 23:36:41
ប្រភព:កាសែតប្រជាជនដេលី

យោងតាម ‹‹សេចក្តីជូនដំណឹងស្តីពីវិធានការបណ្តោះអាសន្នសម្រាប់ការចេញចូលនៃអ្នកដំណើរចិន និងបរទេស›› ដែលចេញផ្សាយដោយប្រទេសចិន ចាប់ពីថ្ងៃទី០៨ ខែមករា អាកាសចរណ៍ស៊ីវិលចិនបានលុបចោលវិធានការគ្រប់គ្រងជើងហោះហើរអន្តរជាតិមួយចំនួន និងបន្តដំណើរការជើងហោះហើរអន្តរជាតិឡើងវិញតាមរបៀបរាបរយ។ ក្នុងន័យនេះ អ្នកនាំពាក្យនៃសមាគមដឹកជញ្ជូនអាកាសចរណ៍ចិនបានចង្អុលបង្ហាញក្នុងការថ្លែងការណ៍ពីថ្ងៃទី៧ ខែមករា ថា ប្រទេសមួយចំនួនបានចាត់វិធានការដាក់កំហិតដល់ចំនួនជើងហោះហើរពីប្រទេសចិន ឬបានចាត់វិធានការប្រឆាំងជំងឺកូវីដ១៩ បណ្តោះអាសន្នសម្រាប់អ្នកដំណើរចិន រួមទាំងការធ្វើតេស្តក្រោយពីចូលព្រំដែន និង​ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមានលទ្ធផលតេស្តកូវីដ១៩ វិជ្ជមានជាដើម ធ្វើបែបនេះមិនមានផលល្អដល់ស្តារទីផ្សារដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិឡើយ។

អ្នកនាំពាក្យបានបញ្ជាក់ថា ជំងឺកូវីដ១៩ ដែលមានរយៈពេលជាង ៣ ឆ្នាំមកនេះ បានបង្កើតផលបះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មដឹកជញ្ជូនអាកាសចរណ៍លើពិភពលោក។ ប្រទេសចិនគឺជាទីផ្សារដឹកជញ្ជូនអាកាសចរណ៍ដែលមានសក្ដានុពលធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការកែសម្រួល និងបង្កើនប្រសិទ្ធភាពនៃវិធានការការពារជំងឺកូវីដ១៩ របស់ប្រទេសចិន និងការបន្តដំណើរជើងហោះហើរអន្តរជាតិឡើងវិញ បានផ្តល់ផលប្រយោជន៍ដល់ទីផ្សារដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិងើបឡើងវិញ និងអភិវឌ្ឍ។ យើងបានរកឃើញថា អ្នកជំនាញរួមទាំងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) ជាទូទៅជឿជាក់ថា ទិសដៅទូទៅនៃការផ្លាស់ប្តូរនៃជំងឺកូវីដ១៩ នេះ គឺកម្រិតបង្កជំងឺទៀប។ ក្នុងស្ថានភាពបែបនេះ គ្រប់ភាគីពាក់ព័ន្ធគួរតែឆ្លៀតឱកាសដើម្បីធ្វើការកាន់តែច្រើនដើម្បីជួយដល់ការងើបឡើងវិញនៃទីផ្សារអាកាសចរណ៍អន្តរជាតិ និងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អ្នកដំណើរអន្តរជាតិ ជាពិសេស នឹងលុបចោលការរឹតបន្តឹងមិនចាំបាច់ឱ្យបានឆាប់សម្រាប់អ្នកដំណើរចិនចូលព្រំដែន។

អ្នកនាំពាក្យនៃសមាគមអាកាសចរណ៍ចិនបាននិយាយថា ការដឹកជញ្ជូនអាកាសចរណ៍មានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅសម័យទំនើប។ ខ្ញុំជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តកែសម្រួល និងបង្កើនប្រសិទ្ធភាពវិធានការការពារជំងឺកូវីដ១៩ ហើយធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីរួមគ្នាជំរុញការទំនាក់ទំនងអន្តរជាតិធម្មតា បំពេញតម្រូវការនៃអ្នកដំណើរក្នុងការធ្វើដំណើរអាកាសចរណ៍ដោយពេញលេញ និងធានាប្រកបដោយប្រសិទ្ធភាពនូវនយោបាយអន្តរជាតិ ការវិនិយោគពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌។ លោកបានបញ្ជាក់ថា នៅចំពោះមុខមេរោគ មនុស្សជាតិជាសហគមន៍វាសនារួម។ សមាគមអាកាសចរណ៍ចិនអំពាវនាវឱ្យសមាគម និងអ្នកប្រកបអាជីពក្នុងឧស្សាហកម្មអាកាសចរណ៍នៃបណ្តាប្រទេសនានា រួមគ្នាបំពេញ បេសកកម្មនៃការស្តារឡើងវិញនូវឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍ និងជំរុញការផ្លាស់ប្តូរ និងសមាហរណកម្មប្រជាជននៃបណ្តាប្រទេសនានា៕

អ្នកបកប្រែ៖ Li Zha

សមាគមអាកាសចរណ៍ចិន អំពាវនាវឱ្យប្រទេសពាក់ព័ន្ធ ដកការរឹតបន្តឹងការចូលព្រំដែនចំពោះអ្នកដំណើរចិន