អាកាសយានដ្ឋាននៅក្រុងគុនមីងរបស់ប្រទេសចិន បានដំណើរការជើងហោះហើរទៅកាន់កម្ពុជាខ្លះឡើងវិញ ហើយជើងហោះហើរអន្តរជាតិបានដំណើរការឡើងវិញទាំងស្រុង
យោងតាមព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិ ឆាំងសុយ នៅក្រុងគុនមីងប្រទេសចិន បានឱ្យដឹងថា ឥឡូវនេះ អាកាសយានដ្ឋានអន្តរជាតិ ឆាំងសុយ គុនមីង បានដំណើរការឡើងវិញទាំងស្រុងនូវជើងហោះហើរអន្តរជាតិ។ ការចេញចូលរបស់ភ្ញៀវទេសចរអន្តរជាតិកាន់តែងាយស្រួល ហើយការឆ្លងគយនៅព្រលានយន្តហោះមានភាពរលូន និងសណ្តាប់ធ្នាប់។ ក្នុងខែនេះ ជើងហោះហើរទៅកាន់កម្ពុជាខ្លះបានដំណើរការឡើងវិញ ពោលគឺជើងហោះហើរទៅកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបនៃប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ថ្មីៗនេះ ជើងហោះហើរពីក្រុងគុនមីងទៅកាន់អាស៊ីអាគ្នេយ៍ បានទទួលការពេញនិយម ចំនួនភ្ញៀវទេសចរចេញចូលមានការកើនឡើងជាច្រើន។ នាពេលបច្ចុប្បន្ន អាកាសយានដ្ឋានគុនមីង មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ១៣ ដែលដំណើរការខ្សែជើងហោះហើរក្នុងតំបន់នៅលើអន្តរជាតិចំនួន ១៣ គឺខ្សែជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា ទីក្រុងបាងកកក្នុងប្រទេសថៃ ទីក្រុងយ៉ាងហ្គោនក្នុងប្រទេសមីយ៉ាន់ម៉ា ទីក្រុងវៀងចន្ទន៍ក្នុងប្រទេសឡាវ ទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមជាដើម។ ចំនួនជើងហោះហើរអន្តរជាតិជាមធ្យមប្រចាំសប្តាហ៍នៅអាកាសយានដ្ឋានគុនមីង បានកើនឡើងពី ២៥ ឡើងដល់ ៣០ នឹងត្រលប់ទៅស្ថានភាពពីមុនកើតមានជំងឺកូវីដ ១៩ វិញជាបន្តបន្ទាប់។
ចាប់តាំងពីការបើកដំណើរការច្រកព្រំដែនឡើងវិញនៅថ្ងៃទី៨ ខែមករា ច្រកព្រំដែនអាកាសយានដ្ឋានគុនមីញ បានអនុវត្តឡើងវិញនូវគោលនយោបាយគ្មានទិដ្ឋាការឆ្លងព្រំដែនក្នុង ២៤/៧២/១៤៤ ម៉ោង អ្នកដំណើរដែលបំពេញលក្ខខណ្ឌអាចស្នាក់នៅក្នុងក្រុងគុនមីងក្នុង ២៤/៧២/១៤៤ ម៉ោង ដោយផ្អែកលើទិដ្ឋាការរបស់ប្រទេសទី៣ និងសំបុត្ររួមដំណើរទៅកាន់ប្រទេសទី៣ ដែលបានកំណត់កាលបរិច្ឆេទ និងកៅអី៕
អ្នកបកប្រែ៖Li Zha